ភ្នំពេញ៖ លោកវិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ៖ កាលណាលុយធំជាងច្បាប់ ច្បាប់លែងក្លាយជាឧបករណ៍ថ្លឹងថ្លែងភាពត្រឹមត្រូវហើយ តែច្បាប់និងក្លាយជាឧបករណ៍ ឲ្យជនខិលខូចយកទៅសម្លាប់មនុស្សស្លូតត្រង់ ដើម្បីបានលុយ ។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ន ស្ថានភាពមើលទៅស្ងប់ស្ងាត់ ព្រោះជនរងគ្រោះជាច្រើន ត្រូវបានគេបិទមាត់គាត់ជាប់ឲ្យដេកចុកចាប់ក្នុងចិត្តយ៉ាងកណ្ដោចកណ្ដែង មានបញ្ហាច្រើនណាស់កំពុងកើតឡើងនៅតាមមូលដ្ឋានពលរដ្ឋយើង សាច់ឈាមយើង មួយចំនួនត្រូវបានអ្នកមានលុយ និងអ្នកមានអំណាចដែលខ្វាក់មនសិការព្រួតគ្នាធ្វើបាបរំលោភបំពានគ្រប់រូបភាពមិនស្មើនឹងសត្វធាតុផង ហើយភាពឈឺចាប់ទាំងឡាយត្រូវបាន ក្រុមទុច្ចរិតព្យាយាមបិទបាំងយ៉ាងជិតស្អាត។
លោក បានថ្លែងថា ខ្ញុំជួបគាត់ ស្ដាប់គាត់និយាយ ស្ដាប់គាត់អង្វរកឲ្យជួយ ខ្ញុំឮហើយពេលខ្លះចង់ស្ទះជំនួស ខឹងជំនួស ជាហេតុនាំឲ្យខ្ញុំមិនអាចអធ្យាស្រ័យបានទេ ចំពោះវត្តមានជនខ្វាក់មនសិកាមួយចំនួន ដែលកំពុងយកអំណាច និងមុខងារត្រូវបម្រើប្រជាជន ទៅជិះជាន់ប្រជាជនតាមការចង្អុលបង្ហាញ របស់ពួកអភិជនវណ្ណៈប្រេតទាំងឡាយនោះ ដែលធ្វើអាក្រក់រាប់ពាន់ករណី យកលុយដែលបានពីភាពទុច្ចរឹតបន្តិចបន្តួច មកជួយលិចជួយកើតបិទបាំងអំពើថោកទាបរបស់ខ្លួន ។
បញ្ហាទាំងឡាយនេះ មិនគួរជាការព្រងើយកន្តើយរបស់ពួកយើងនោះទេ បើយើងខ្សោយគេជិះជាន់យើងប្រាកដណាស់ តែបញ្ហានោះត្រង់ថា ពេលជើងគេជាន់យើងជាប់ យើងមិនព្រម ក្រោកតតាំង ហើយបានតែស្រែក ! ហើយមហាបញ្ហាធំបំផុត គឺមានអ្នកក្រោកមកតតាំងជំនួសហើយយើងមិនព្រមគាំទ្រគេទៀត ។
ថ្ងៃនេះគេនាំគ្នាជិះជាន់ពលរដ្ឋដែលខ្វះចំណេះដឹង ត្រឹមយកដីមួយហិកតា ថ្ងៃក្រោយអស់អ្នកក្រឲ្យជិះជាន់ គេជិះជាន់អ្នកវណ្ណៈកណ្ដាល យូរយូរសង្គមច្របូលច្របល់ កូនយើងកើតមកប្រិច គេជាន់រួចស្រេច ។ តើសមនិងបណ្ដោយបានឬទេ ?
លោកបានបញ្ជាក់ថា ពេលនេះខ្ញុំមានឱកាសក្នុងមុខងារសាធារណៈ ខ្ញុំនិងតស៊ូមិនឲ្យជនទុច្ចរិតទាំងនោះ ដេកលក់បានស្រួលឡើយ ដរាបណាមានវត្តមានខ្ញុំ ជាអ្នកបម្រើម្នាក់របស់ប្រជាពលរដ្ឋ ៕ ដោយ៖បញ្ញាស័ក្តិ