ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរាត្រីថ្ងៃទី៣១ខែធ្នាំ២០១៧ កន្លងទៅនេះ នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេចរណ៌ជាង១លាននាក់ ដែលបានចូលមកដើរកម្សាន្ដ។
បើតាមរដ្ឋមន្ដ្រីនៅថ្ងៃទី១មករា២០១៨ នេះថា៖ សម្រាប់ភ្ញៀវទេសចរជាង១លាននាក់នេះ មានខ្លះមកពីបណ្ដាខេត្តផ្សេងៗ និងខ្លះទៀតនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង ប៉ុន្ដែក្នុងចំណោមពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ មួយចំនួនក៏បានធ្វើដំណើរកម្សាន្ដទៅតាមរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្តវិញផងដែរ។
លោករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថាក្នុងរាជធានីភ្នំពេញយើងនេះ ទទួលបានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ប្រមាណជាងមួយលាននាក់ ដែលចូលមកដើមកម្សាន្ដយ៉ាងសប្បាយរីករាយ ប្រកបដោយសុវត្ថិភាពទាំងស្រុង មិនមានបញ្ហាអ្វីកើតនោះទេ ទាំងការធ្វើដំណើរដោយដើរ និងតាមយានយន្ត»។
ពិធីបុណ្យឆ្លងឆ្នាំលើកក្រោយទៀត ទាំងរដ្ឋមន្ដ្រីក្រសួងទេចរណ៍ ទាំងមន្ដ្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ចង់ឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើតជាគណៈកម្មាធិការមួយដូចគណៈកម្មការការពារសុវត្ថិភាពពិធីបុណ្យអុំទូកដែរ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដូចជាគ្រប់គ្រងតាមច្រកធ្វើដំណើរដោយដើរនិមួយៗ និងច្រកធ្វើដំណើរតាមយានយន្តនានា ជូនប្រជាពលរដ្ឋដែលមកកម្សាន្ដ នៅក្នុងរាជធានីភ្នំពេញ។
លោក ថោង ខុន បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានភាពសប្បាយរីករាយផងដែរ។ សកម្មភាពនេះ គឺផ្ទុយស្រឡះពីការលើកឡើងរបស់គណបក្សប្រឆាំង ដែលថាប្រជាពលរដ្ឋខ្មែរកាន់តែវេទនាពីមួយថ្ងៃទៅមួយថ្ងៃ។
កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ ដោយ៖កូឡាប