ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួ ង ស្រេង បានធ្វើការស្តីបន្ទោសអាជ្ញាធរសង្កាត់ និងខណ្ឌព្រែកព្នៅ យ៉ាងចាស់ដៃ ក្រោយពីលោកបានដឹងថា អាជ្ញាធរសង្កាត់ ខណ្ឌ ក្នុងនាមជាម៉ែជាឪរបស់បងប្អូនប្រជាពលរដ្ឋ មិនបានយកចិត្តទុកដាក់ ឲ្យបានពេញលេញ ក្នុងការដោះស្រាយទឹកស្អាត ជូនប្រជាពលរដ្ឋ បើទោះបីជាមានការណែនាំហើយក្តី។
លោកឃួង ស្រេង បានលើកឡើងថា អស់លោកពិតជាមិនបានចុះទៅមើល ឲ្យដល់គោលដៅ ដែលប្រជាពលរដ្ឋសំណូមពរឲ្យជួយនោះទេ គឺចុះបានត្រឹមតែសុំពេលជួបថ្នាក់ដឹកនាំ ចំណែកខ្លួនឯង មិនបានអនុវត្តន៍តាមភារកិច្ចរបស់ខ្លួន ឲ្យបានម៉ត់ចត់ជាយូរមកហើយ។
លោកឃួងស្រេង បានបញ្ជាក់ទៀតថា កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជាវដុំទឹកស្អាត ដើម្បីលក់ទៅឲ្យប្រជាពលរដ្ឋ ដែលជួបការខ្វះទឹកស្អាតប្រើប្រាស់ និងបានលក់ក្នុងតម្លៃថោក គឺ៧០០រៀល ក្នុង១ម៉ែត្រគីប និងបានទិញរថយន្តសម្រាប់ដឹកទឹក ជូនប្រជាពលរដ្ឋផងដែរ ក្នុងភូមិសាស្ត្រសង្កាត់មួយចំនួន ដែលខ្វះទឹក។
ការស្តីបន្ទោសរបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទៅលើអាជ្ញាធរសង្កាត់ និងខណ្ឌព្រែកព្នៅខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដានេះ នៅវត្តឈូកវ៉ា ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ជាង៨៦០គ្រួសារ មកពីសហគមន៍ចំនួន១០ និងភូមិទាំង១៨ ក្នុងសង្កាត់គោលរកា ខណ្ឌព្រែកព្នៅ៕ ដោយ៖បញ្ញាស័ក្តិ