ភ្នំពេញ ៖ លោកសុខ លីម អនុប្រធានគណបក្សខ្មែរក្រោក បានលើកឡើង រិះគន់ចំពោះវិធានការ ករណីសំណង់អត់ច្បាប់ ហើយលោកថា ការអភិវឌ្ឍន៍លើវិស័យធុរកិច្ចរបស់ឯកជន ត្រូវផ្សាជាប់ជាមួយផលប្រយោជន៍រួម និងត្រូវជួយកាត់បន្ថយអម្រែករបស់រដ្ឋ ហើយក្នុងនាមជាអ្នកនយោបាយ ត្រូវរៀបចំគោលនយោបាយ ដើម្បីបម្រើដល់ធុរកិច្ចឯកជន។
នេះបើតាមការលើកឡើងរបស់លោកនៅ រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩នេះ ដោយមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖ “និយាយរឿងសំណង់អត់ច្បាប់ ត្រូវប្រើវិធានការណ៍ ផ្តាច់ទឹក ផ្តាច់ភ្លើង និងមិនឲ្យប្រើលូសាធារណាៈ វិធានការណ៍អី ក៏អន់យ៉ាងនេះ ទីប្រឹក្សាផ្តល់គំនិតជាអ្នកណា?”។
លោកបានបន្តថា “បេសកម្មរបស់នយោបាយ គឺសំដៅបម្រើសេដ្ឋកិច្ច សេដ្ឋកិច្ច មានតួនាទី កាត់បន្ថយអម្រែកនយោបាយ។ រាល់ការអភិវឌ្ឍលើវិស័យធុរកិច្ច របស់ឯកជន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវផ្សាជាប់ជាមួយ ផលប្រយោជន៍រួម និងជួយកាត់បន្ថយ អម្រែករបស់រដ្ឋ ។ រាល់អ្នកនយោបាយ ក្នុងរដ្ឋត្រូវរៀបចំគោលនយោបាយមួយ ដ៏ល្អប្រសើ សំដៅបម្រើដល់សេចក្តីត្រូវការរបស់ធុរកិច្ចឯកជន។ ដូចនេះរាល់សកម្មភាពរបស់រដ្ឋ និងឯកជន យើងអាចពិនិត្យតាមដានលើ “ហេតុ” និង “ផល”របស់វា ការរុញច្រានកំហុសដាក់គ្នាវាជារឿងគួរឲ្យអស់សំណើច និងក្មេងខ្ចី”៕ ដោយ៖បញ្ញាស័ក្តិ