ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន នៅថ្ងៃអង្គារនេះ បានស្វាគមន៏ចំពោះការថ្លែងរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានប្រកាសបើកចំហរឲ្យមានការចរចាររវាងប្រទេសកូរ៉េទាំងពីរ។
គីម ជុងអ៊ុន បានថ្លែងសារសំរាប់ឆ្នាំថ្មីនេះ ដោយប្រកាសផ្តល់ឲ្យមានកិច្ចចរចារជាមួយនឹងទីក្រុងសេអ៊ូល និងបង្ហាញពីបំណងចូលរួមក្នុងកីឡាអូឡាំពិចរដូវរងា ដែលកូរ៉េខាងត្បូងជាអ្នកធ្វើជាម្ចាស់ផ្ទះ។
លោក ម៉ូន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកូរ៉េខាងពីរ ផ្សារភ្ជាប់ទៅនឹងការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោកក៏បានស្នើឲ្យក្រសួងបង្រួបបង្រួមជាតិ និងក្រសួងកីឡា បង្កើតវិធានការដើម្បីជួយកូរ៉េខាងជើងឲ្យបានចូលរួម ក្នុងកីឡាអូឡាំពិចរដូវរងា ដែលនឹងធ្វើឡើងក្នុងខែកុម្ភះ នៅតំបន់ Pyeongchang៕ សុភ័ក្ត្រ