ភ្នំពេញ៖ កម្ពុជានឹងរងឥទ្ធិពលវិសម្ពាធរំកិលខ្លួនចូលក្នុងសមុទ្រចិនខាងត្បូង ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌ ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី ៥ ដល់ទី ១០ ខែមករា ឆ្នាំ២០១៨។
បើតាមក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២ខែមករាឆ្នាំ២០១៨ បានបង្ហាញថា បន្ទាប់ពីព្យាករណ៍លើស្ថានភាពអាកាសធាតុ មានវិសម្ពាធមួយ បានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន និងយោងតាមការព្យាករណ៍ វិសម្ពាធនេះ នឹងរំកិលខ្លួនចូលក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ ហើយដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាព ចាប់ពីថ្ងៃទី៥ដល់ទី៩ខែមករា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ហើយស្ថានភាពសីតុណ្ហភាព ចាប់ពីថ្ងៃទី៣ដល់ទី១០ខែមករា ឆ្នាំ២០១៨ សីតុណ្ហភាពអប្បបរមា មានពី២៣ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩ដល់៣០អង្សាសេ៕ដោយ៖កូឡាប