Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ​ ស្តីបន្ទោស​អភិបាល​ខណ្ឌ​ឫស្សីកែវ​ ជុំវិញ​បញ្ហា​រឿង​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ធ្វើ​ការស្តីបន្ទោស​យ៉ាងខ្លាំង​ចំពោះ​អភិបាល​ខណ្ឌ​ឫស្សីកែវ​ជុំវិញ​បញ្ហា​រឿង​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម គំ​ពុប​ធ្លាក់​លើ​ផ្លូវ ធ្វើអោយ​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក៏​ដូច​សុខភាព​អ្នកធ្វើ​ដំណើរ​ទូទៅ ហើយ​កិច្ចការងារ​មួយ​នេះ​បើ​ធ្វើ​មិន​បាន​ទេ ប្រាប់​មក កុំ​អាង​អាវ​ក្រោះ​ការពារ អាវ​ក្រោះ​នោះ​ការពារ មិន​បាន​ទេ​។​
​ការស្តីបន្ទោស​បែបនេះរ​បស់​លោក​ឃួង ស្រេង​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការពង្រឹង​សន្តិសុខ របៀបរៀបរយ ជុំវិញ​ការរៀបចំ​ពិធីបុណ្យ​ជាតិ​៧​មករា ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​និង​អាជ្ញាធរ ពាក់ព័ន្ធ​ទាំងអស់​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​អភិបាល​បាន​មានប្រសាសន៍​លើកឡើងថា អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ មិន​បាន​យកចិត្តទុកដាក់​ទៅលើ​វិធានការ​ទប់ស្កាត់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ធ្លាក់​លើ​ផ្លូវ​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក៏​ដូច​សុខភាព​អ្នកធ្វើ​ដំណើរ​ទូទៅ​ឡើយ​កន្លងមកនេះ ។​
​លោក​អភិបាល​រាជធានី​បាន​បន្តថា រឿង​ដដែលៗ​នេះ​បាន​កើតមានឡើង​និង​មិន​បាន​អនុវត្ត​តាម​ការណែនាំ​ដោយ​បណ្តោយ​ឲ្យ​កើត​មាន​ការដឹកដី​យ៉ាង​គគ្រឹកគគ្រេង​ហៀរ​ហូរ​លើផ្លូវ​គ្មាន​ការទប់ស្កាត់ ពិសេស​លើ​ផ្លូវ​លេខ​៥៩៨ និង​កំណាត់​ផ្លូវជាតិ​លេខ​៥​។​

​លោក​បញ្ជាក់ថា “​បើ​អស់លោក​ធ្វើ​មិន​បាន​ប្រាប់​ឲ្យបាន​ច្បាស់​មក ព្រោះ​មន្ត្រី​ខណ្ឌ​ឬ​ស្សី​កែវ​នេះ និយាយ​ដដែលៗ​ច្រើនដង​ពេក​ហើយ​ហត់​ពេក​ហើយ​។​សុំ​អស់លោក​កុំ​អាង​អាវ​គ្រោះ អាវ​គ្រោះ​មិន​អាច​ការពារ​អស់លោក​បាន​ទេ​ពេល​ជ្រមុជ​ក្នុង​ទឹក​។​ក្រុមហ៊ុន​ដឹក​ដី​ដឹក​ខ្សាច់​មិន​មាន​ច្រើន​ទេ​ក្នុង​មូលដ្ឋាន​អស់លោក​ទទួលខុសត្រូវ ចុះ​ហេតុអ្វី​ក៏​ទប់ស្កាត់ ឬ​ណែនាំ​ឲ្យ​អនុវត្ត​តាម​សេចក្តីជូនដំណឹ​ង​មិនបាន​។​អស់លោក​ត្រូវ​ចេះ​ទាស់ភ្នែក​រាល់​ចំណុច​ខុសឆ្គង​ដែល​មាន​ក្នុង​មូលដ្ឋាន និង​មាន​ឆន្ទៈ​ទទួលខុសត្រូវ​ពិតប្រាកដ​”​។​

លោក​ឃួង ស្រេង មានប្រសាសន៍​បញ្ជាក់​ថា ពាក្យ​ថា​ត្រូវ​ចុះ​មើលផ្លូវ គឺ​មានន័យ​ណាស់​។ ពេល​មើល​ផ្លូវ​គឺ​បាន​ឃើញ​អ្វីៗ​ច្រើន​រឿង ឃើញ​ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​២​មករា លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​,​អាជ្ញាធរ​ដែនដី​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ​ត្រូវខិតខំ​ជម្រះ​រាល់​ចំណុច​អសកម្ម​ដែលមាន​ពី​ឆ្នាំ​ចាស់ និង​ទទួលយក​អ្វី​ដែល​ថ្មី ជា​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ និង​សម្រាប់​ការអភិវឌ្ឍ​។​

​ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទាំង​១១​ខ្សែ​សំខាន់ៗ​ក្នុង​ក្រុង​ដែល​មាន​ស្រាប់ ក៏​ដូច​ជា​ការ​ត្រូតពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ដែល​មាន​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ឲ្យបាន​ជាប់​ជាប្រចាំ​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ មិន​មាន​វត្តមាន​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ចូលរួម​ទេ គឺ​លោក​បាន​ចាត់តាំង លោក​អភិបាលរង​ខណ្ឌ មួយរូប ចូលរួម​ប្រជុំ​ជំនួស​៕ ដោយ​៖​កូឡាប​

×