ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្សាយថា មណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរ នៅផ្សារទំនើប AEON Mall ត្រូវបានរៀបចំឡើង ដើម្បីបង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលអនុញ្ញាតឲ្យប្រជាជនខ្មែរទូទាំង ២៥ រាជធានី-ខេត្ត អាចមកទទួលសេវាប្តូរ និងពន្យារប័ណ្ណបើកបរយានយន្ត រៀងរាល់ថ្ងៃ រហូតដល់ម៉ោង១០យប់។
បើតាមក្រសួងដដែលនោះ ក្នុងរយ:ពេលជាង១៨ខែ គិតត្រឹមបំណាច់ខែធ្នូ ២០១៧ មណ្ឌលប្តូរពន្យារប័ណ្ណបើកបរ AEON Mall ផ្តល់សេវាបានជាង 22,466 ប័ណ្ណ ក្រោមស្មារតីនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន និងកម្លាំងស្នូលរបស់មន្ទីរសាធារណការ ដឹកជញ្ជូនរាជធានីភ្នំពេញ មណ្ឌលនេះទទួលបានការគាំទ្រពីសំណាក់សាធារណជន និងថ្នាក់ដឹកនាំរដ្ឋាភិបាល អំពីបដិសណ្ឋារកិច្ចល្អ សេវារហ័សទាន់ចិត្ត និងគ្មានការចំណាយក្រៅផ្លូវការ៕ ដោយ៖បញ្ញាស័ក្តិ