កណ្តាល ៖ នគរបាលស្រុកខ្សាច់កណ្តាលនៅថ្ងៃទី២ខែមករាឆ្នាំ២០១៨បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនបុរសម្នាក់ ក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង ១៦និង៣០នាទី ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ន.ណ.រ ភេទ ស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។ ជនសង្ស័យ ឈ្មោះ សាន ស៊ាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះកំពុងអោនកើបស្រូវដែលហាលនៅក្នុងទីធ្លាវត្តព្រះប្រសប់ថ្មី ស្រាប់តែជនសង្ស័យដើរមកពីទិសខាងកើតបានចាប់អោបជនរងគ្រោះពីក្រោយផ្តួលទៅនឹងដីហើយចាប់ច្របាច់ដោះជនរង គ្រោះ។ ពេលនោះជនរងគ្រោះបានរើបំរាស់ដោយធាក់ជនសង្ស័យមួយជើងត្រូវចំដើមទ្រូងហើយបានរើបំរាស់ខ្លួនរត់រួចចេញមកផ្លូវធំ ក៏ទូរស័ព្ទទៅប្រាប់បងថ្លៃរបស់ខ្លួនឈ្មោះ ហួរ សុខមាន ឲ្យមកជួយ ពេលបងថ្លៃមកដល់បាននាំមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។ ដល់ម៉ោង ១៩និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ស្រាវជ្រាវរកឃើញជនសង្ស័យ ក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ