តាកែវ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសារអប់រំ ដល់សិស្ស ដែលនឹងចូលរួមក្នុងការប្រឡង សញ្ញាបត្រទុតិយភូមិ នាពេលខាងមុខនេះ ដោយបានបញ្ជាក់ថា បេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ស្វ័យប្រវត្តិ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។
ក្រសួងអប់រំដែលបានផ្សាយលើផេកហ្វេសប៊ុក បានបញ្ជាក់ថា “ចំពោះបេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ស្វ័យប្រវត្តិ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រឡងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន”។
ចំណែក នៅរសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩នេះ នៅគរុសិស្សសាលាគរុកោសល្យភូមិហ៊ុនសែនតាកែវ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះសំណេះសំណាល និងណែនាំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទ ក្នុងគោលដៅជំរុញឲ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ សីហា ២០១៩ ប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងថា ការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងការប្រឡងក្នុងឆ្នាំនេះ គឺក្រសួងអប់រំ បានដាក់ចេញនូវយន្តការជាច្រើន ដើម្បីធ្វើយ៉ាងណាបង្កើនសមត្ថភាព និងស្វែងរកធនធានមនុស្ស ដែលមានចំណេះដឹងពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រឡងបាក់ឌុប ក៏មានការចូលរួមត្រួតពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ ក៏ប៉ុន្តែឆ្នាំនេះ មិនមានការចូលរួម ពីអង្គភាពប្រឆាំងអំពើពុករលួយ និង ស.ស.យ.ក. នោះទេ។ ដូច្នោះបុគ្គលិកអប់រំ និងគរុសិស្ស ដែលនិងទទួលការងារ ជាមន្រ្តីត្រួតពិនិត្យលើការងារប្រឡង របស់អនុរក្ស នៅក្នុងការប្រឡងបាក់ឌុប នៅពេលខាងមុខត្រូវចូលរួម ធ្វើកិច្ចការនេះ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក។
លោករដ្ឋមន្រ្តីក្រសួងអប់រំ បានមានប្រសាសន៍បន្តថា មន្រ្តីទាំងអស់ រួមនឹងគរុសិស្ស ដែលចូលរួមធ្វើការងារលើការប្រឡងបាក់ឌុបខាងមុខ ត្រូវរៀនសូត្រពីបទប្បញ្ញត្តិពាក់ព័ន្ធ និងការប្រឡងជាពិសេសត្រូវជៀសវាង ធ្វើការបង្កកំហុសដោយចេតនា ដែលមានបំណងទុច្ចរិត ដែលនាំឲ្យប៉ះពាល់ដល់ការប្រឡង វានឹងនាំឲ្យមានបញ្ហាដល់ខ្លួនជាក់ជាពុំខាន ក៏ប៉ុន្តែបើយើងធ្វើការមានកំហុសដោយអចេតនា យើងនឹងមានទោសពៃអ្វីនោះទេ។
លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍បន្តថា កំណែទម្រង់លើវិស័យអប់រំ បានធ្វើផ្ដល់ឱកាស់ដល់ប្អូនៗសិស្សានុសិស្ស ដែលមានសមត្ថតភាព សម្រេចនូវគោលបំណង និងក្ដីស្រម័យរបស់ខ្លួន ក្នុងការចង់រៀនលើមុខជំនាញណាមួយ ដើម្បីមានអនាគតល្អប្រសើរ និងបានចូលរួមធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យសម្បូសប្បាយរីកចម្រើនខ្លាំងទៅមុខតទៅទៀត៕ ដោយ៖កូឡាប