ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែង និងតែងតាំងមុខតំណែងថ្មី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៅអាជ្ញាធរមីនកម្ពុជា។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ បញ្ចប់មុខងារលោក សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ពីអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដោយត្រូវទទួលភារកិច្ចថ្មី។ បញ្ចប់មុខងារ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីអនុប្រធានទី២ និងពីអគ្គលេខាធិការ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហើយត្រូវតែងតាំងជាអនុប្រធានទី១ នៃស្ថាប័ននេះវិញ។ បញ្ចប់តំណែងលោក ព្រំ សុភមង្គល ពីអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយតែងតាំងជាអគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី និងបញ្ចប់តំណែង លោក ទេព កល្យាណ ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយតែងតាំងជាអគ្គលេខាធិការរង នៃស្ថាប័នមួយនេះ ដោយមានឋានៈស្មើអនុរដ្ឋលេខាធិការ។
ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់តំណែងលោក ប្រាក់ សុខយូ ពីអគ្គលេខាធិការរងប្រចាំការ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន មានឋានៈស្មើរដ្ឋមន្ត្រី ហើយតែងតាំងទៅជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានឋានៈស្មើរដ្ឋមន្ត្រី។ បញ្ចប់តំណែងលោក ទូច ភាព ពីអគ្គលេខាធិការរង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន មានឋានៈស្មើរដ្ឋលេខាធិការ ដោយតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ។
ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
ពាក់ព័ន្ធការបញ្ចប់មុខតំណែងនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ ថា គឺជាការកែសម្រួលមុខងារភារកិច្ចធម្មតា ដោយលោកនឹងត្រូវរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច ទៅបម្រើការងារនៅស្ថាប័នផ្សេង គឺនៅអាជ្ញាធរដោះស្រាយវិវាទដីធ្លី៕ ដោយ៖បញ្ញាស័ក្តិ