ភ្នំពេញ៖ លោកមុត ចន្ថា អតីតមន្ត្រី គណបក្សសង្គ្រោះជាតិ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៩កក្កដានេះថា ជីវិតមនុស្សមានតម្លៃស្មើគ្នា ទាមទារឲ្យស៊ើបអង្កេត! សមត្ថកិច្ចគួរស៊ើបអង្កេតចំពោះព័ត៌មានដែលលោក ខាន់ សុវណ្ណ សរសេរថាៈ «សូមប្រយ័ត្នផងណា មាជ សុវណ្ណារ៉ា….លោកអាចនឹងត្រូវគេបាញ់ចោលដូចខ្មោចលោក កែម ឡី ក៏មិនដឹង»។ លោក ខាន់ សុវណ្ណ អាចជាពលរដ្ឋល្អដែលដឹងអំពីផែនការប៉ុនប៉ងសម្លាប់លោក មាជ សុវណ្ណារ៉ា ទើបលោកឆ្លៀតខ្សឹបប្រាប់លោក មាជ សុវណ្ណារ៉ា តាមរយៈហ្វេសប៊ុករបស់លោក។
លោកបានបន្តថា សិទ្ធិរស់រានមានជីវិតមិនអាចត្រូវបានដកហូតជាដាច់ខាត។ រដ្ឋធម្មនុញ្ញកម្ពុជាបានលុបចោលទោសប្រហារជីវិត។ ដូច្នេះ ព័ត៌មាន ស្តីពីការព្រមានសម្លាប់លោក មាជ សុវណ្ណារ៉ា គប្បីអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត និងចាត់វិធានការសមស្រប ដើម្បីបង្ការ និងទប់ស្កាត់ឲ្យបានមុន សំដៅបញ្ចៀសការផ្តាច់ផ្តិលជីវិតនៃពលរដ្ឋស្លូតត្រង់។
លោកបានបញ្ជាក់ថា សូមសរសើរលោក ខាន់ សុវណ្ណ ដែលបានទម្លាយព័ត៌មានដ៏គ្រោះថ្នាក់នេះឲ្យលោក មាជ សុវណ្ណារ៉ា បានដឹងមុន។ យើងសង្ឃឹមថាលោកនឹងសហការ និងផ្តល់ព័ត៌មានបន្ថែមដល់សមត្ថកិច្ច ក្នុងការស៊ើបអង្កេត។
នៅលើផេកហ្វេសប៊ុក លោក ខាន់ សុវណ្ណ បានសរសេរថា “មាជ សុវណ្ណរ៉ាកំពុងតែដើរប្រមូលកម្លាំងប្រឆាំងក្នុងស្រុកឲ្យគាំទ្រចលនាយុវជនមួយដែលត្រៀមខ្លួនដើរចេញពីសមរង្សុី។សូមប្រយ័ត្នខ្លួនផងណាមាជ សុវណ្ណរ៉ា….លោកអាចនឹងត្រូវគេបាញ់ចោលដូចខ្មោចលោកកែម ឡីផងក៏មិនដឹង”៕ ដោយ៖កូឡាប