ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្រោងបញ្ជាទិញសព្វាវុធបន្ថែមទៀតពីប្រទេសចិន ដើម្បីបំពាក់ដល់កងទ័ព។ សម្តេចថា ការដែលទិញអាវុធស៊េរីថ្មីទំនើបៗនេះ ដើម្បីយកមកផ្លាស់ប្តូរអាវុធចាស់ៗ ដែលកម្ពុជាប្រើប្រាស់យូរមកហើយ។
នៅក្នុងពិធីពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី២៩ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានបង្កើនកញ្ចប់ថវិកា ៤០លានដុល្លារបន្ថែមទៀត ទៅដល់ក្រសួងការពារជាតិ សម្រាប់បញ្ជាទិញសព្វាវុធទំនើបៗពីប្រទេសចិន សម្រាប់បំពាក់ឲ្យកងទ័ពកម្ពុជា។ “កាំភ្លើងនៅកម្ពុជា វាចាស់ៗបន្តិចហើយ អ៊ីចឹង ខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច”។ សម្តេចតេជោ បញ្ជាក់បន្ថែមបែបនេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ទៀតថា បានសម្រេចបន្ថែមថវិកា ៤០លានដុល្លារនេះ ទៅលើកញ្ចប់ថវិកា ២៩០លានដុល្លារ លើជំនួយរបស់ចិន ដែលបានជួយឧបត្ថម្ភលើវិស័យយោធារបស់់កម្ពុជានាពេលកន្លងមក ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា អាវុធដែលបញ្ជាទិញទាំងនោះបានជិតមកដល់កម្ពុជាហើយ។ ថវិកាទិញសព្វាវុធថ្មីជិត៤០លានដុល្លារអាមេរិកនេះ គឺបន្ថែមលើទឹកប្រាក់ជំនួយពីចិន ដែលបានជួយលើវិស័យយោធាកម្ពុជានាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង?”៕ដោយ៖កូឡាប