នៅតាមបណ្តាដងផ្លូវជាច្រើន នៃទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន គេតែងឃើញក្មេងតូចៗព្រោងព្រាត ដើរសុំលុយ និងអាហារ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ ពិតណាស់! ដោយសារភាពក្រីក្រ ក្មេងៗទាំងនេះត្រូវបានបង្ខំដោយសង្គម ឲ្យចាកឆ្ងាយពីសាលារៀន និងជួយរកលុយឪពុកម្តាយរបស់ពួកគេជំនួសវិញ ។ ទោះយ៉ាងណា ពិតជាគួរឲ្យដឹងគុណណាស់ ដែលនៅមានមនុស្សល្អដូចជានិស្សិតស្រីវ័យក្មេងកញ្ញា Dara Mae Tuazon ដែលជ្រើសរើសជួយបង្រៀនពួកគេ ជំនួសឲ្យការធ្វើដំណើរឆ្លងកាត់មើលនឹងភ្នែក និងទុកឲ្យជីវិតពួកគេកាន់តែយ៉ាប់ជាងនេះ ។
Mara Mae ដែលជា«គ្រូក្រៅសាលា»មានឆន្ទៈប្រាថ្នាចង់ក្លាយជាគ្រូ បច្ចុប្បន្ន កំពុងសិក្សានៅសកលវិទ្យាល័យមួយ បានកំពុងប្រឹងប្រែងព្យាយាមយ៉ាងលំបាក ដើម្បីបង្រៀនក្មេងៗទាំងនោះនៅក្នុងទីក្រុងម៉ានីឡា ។ ជាងនេះទៀត ខណៈបង្រៀនពួកគេ នាងក៏បានបញ្ចុកចំណីអាហារដល់ពួកគេ ដែលទិញដោយលុយផ្ទាល់ខ្លួនរបស់នាង ។ នាងពិតរីករាយនឹងបង្រៀនពួកគេ ហើយក្មេងៗទាំងនោះ ក៏សប្បាយចិត្តទទួលយកការបង្ហាត់បង្រៀនពីនាងផងដែរ ។
យ៉ាងណាមិញ បន្ទាប់ពីរូបភាពរបស់នាងត្រូវបានផុសនៅលើផេកហ្វេកប៊ុក UM Freedom Wall, អ្នកលេងអ៊ីនធើរណេតជាច្រើន បាននាំគ្នាកោតសរសើរពីទឹកចិត្តដ៏ល្អកម្ររកបានរបស់នាងយ៉ាងខ្លាំង ។ រីឯអ្នកខ្លះទៀតថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាតណាស់ និងសូមឲ្យសុបិន្តរបស់នាងក្លាយជាគ្រូមេត្តេយ្យនៅថ្ងៃណាមួយ ៕ ចន្ទី