ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឆ្លើយតបបែបចំអកឡកឡឺយ ទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនវិញថា លោកក៏មានប៊ូតុងសំរាប់ចុចឲ្យបាញ់នុយក្លេអ៊ែរ ហើយនុយក្លេអ៊ែររបស់ អាមេរិចមានអនុភាពខ្លាំងក្លាជាង។
លោកត្រាំ និយាយបែនេះក្នុង Twitter របស់លោកថា “មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទើបតែ
បានអះអាងថា ប៊ូតុងនុយក្លេអ៊ែរនៅលើតុរបស់គាត់គ្រប់ពេល។ តើមាននរណាប្រាប់របបក្រីក្រ និងអត់ឃ្លានរបស់គាត់ទេថា ខ្ញុំក៏មានប៊ូតុងនុយក្លេអ៊ែរដែរ ប៉ុន្តែវាធំជាង និងមានអនុភាពខ្លាំងជាងរបស់គាត់។ ប៊ូតុងនុយក្លេអ៊ែររបស់ខ្ញុំដំណើរការ”។
សូមរំលឹកផងដែរថា កាលពីថ្ងៃច័ន្ទកន្លងទៅនេះ គីម ជុងអ៊ុន បានថ្លែងសារស្វាគមន៍ឆ្នាំថ្មី ដោយលោកបានលើកឡើងថា “អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងអាចវាយប្រហារបាន ដល់គ្រប់ទីកន្លែងនៃទីដីអាមេរិច ហើយប៊ូតុងសំរាប់ចុចឲ្យបាញ់នុយក្លេអ៊ែរគឺស្ថិតនៅ លើតុរបស់គាត់គ្រប់ពេលវេលា។ នេះជាការពិត វាមិនមែនជាការគំរាមនោះទេ”៕ សុភ័ក្ត្រ