នៅថ្ងៃទី៣០កក្កដានេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរសារ ហ្វេសប៊ុករបស់ខ្លួនថា ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។
ឆ្លើយតបនឹងសាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកផៃ ស៊ីផាន អ្នកនឹងនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាមានសេចក្ដីប្រាថ្នា និងសុបិន្តមិនចង់ឃើញបរទេសណាមួយលុកលុយ ឬឈ្លានពានក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនដែលប៉ះពាល់ការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតដូចប្រជាពលរដ្ឋអាមេរិកាំងផងដែរ។ ប្រជាពលរដ្ឋខ្មែរយល់ច្បាស់អំពីសិទ្ធសម្រេចលើជោគវាសនារបស់ខ្លួនដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាតម្លៃពិតប្រាកដនៃសិទ្ធមនុស្ស និងប្រជាធិបតេយ្យ។
សាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។
ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។
យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន។ ប្រជាពលរដ្ឋ ទាំងអស់នៅកម្ពុជាគួរតែអាចប្រើសិទ្ធិរបស់គេក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការកិច្ចការសាធារណៈ៕ ដោយ៖កូឡាប