Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ​របស់​ស្ថានទូត​អាមេរិក​ស្តីពី​ការបោះឆ្នោត​នៅ​កម្ពុជា​,​កម្ពុជា​នឹកស្មាន​មិន​ដល់​ទាល់តែសោះ​ថា ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ

​ភ្នំពេញ​៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​សម្តែង​ការភ្ញាក់ផ្អើល និង​ខកចិត្ត​ជាខ្លាំង​ចំពោះ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បានចេញ​សារ​និយាយ​វាយប្រហារ​លើ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ១. វា​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​និង​ខកចិត្ត​យ៉ាងខ្លាំង ក្រោយពី​បាន​កត់សម្គាល់ឃើញ​នូវ​អាកប្បកិរិយា​​ខ្វះ​ការទូត និង​មិន​គោរព​មួយទៀត របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ចំពោះ​កម្ពុជា​ដែលជា​​ប្រទេស​ម្ចាស់ផ្ទះ​។ តាមរយៈ​ការ​បង្ហោះ​សារ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​
២០១៩ ស្ថានទូត​បាន​ផ្សព្វផ្សាយ នូវ​បទ​អត្ថាធិប្បាយ​ខុសឆ្គង​វាយប្រហារ​លើ​ភាពត្រឹមត្រូវ​នៃ​ការ​​បោះឆ្នោត​ទូទៅ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨​។​

២. យើង​នឹកស្មាន​មិន​ដល់​ទាល់តែសោះ​ថា ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ ដែល​រំលោភបំពាន​ទៅ​
​លើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​
​វី​យែ​ន​ស្តីពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១ ត្រូវបាន​បង្កឡើង​ដោយ​ស្ថាន​បេសកកម្ម​ដែល​តំណាងឱ្យ​
​ប្រទេស​ដែលមាន​អារ្យធម៌​មួយ​។​

៣. អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​រំលឹក​សារជាថ្មី​ដល់​ស្ថានទូត​​សហ​រដ្ឋ​អាមេរិក​នៅ​ភ្នំពេញ ពី​ភាពចាំបាច់​នៃ​ការអនុវត្ត​តាម​មាត្រា​១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែល​ចែង​យ៉ាងច្បាស់​ថា គោលបំណង​មួយ​ក្នុងចំណោម គោលបំណង​ទាំងឡាយ​របស់​អង្គការ​​សហប្រជាជាតិ​គឺ “​ត្រូវ​កសាង​ទំនាក់ទំនង​មិត្តភាព ក្នុងចំណោម​ប្រជាជាតិ​ទាំងឡាយ ដោយ​ផ្អែកលើ​​ការគោរព​គោលការណ៍​នៃ​សិទ្ធិ​ស្មើភាព​គ្នា និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន និង​ត្រូវ​ចាត់វិធានការ​​សមស្រប​ទាំងឡាយ​ផ្សេងទៀត ដើម្បី​ពង្រឹង​សន្តិភាព​សកល​-​។ លើសពីនេះ​ទៀត មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន ស្តីពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៦១ ចែង​យ៉ាងច្បាស់​ថា ​៖

​ក​, បុគ្គល​គ្រប់រូប​ដែល​ទទួលបាន​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​បែបនេះ មាន​ករណី​កិច្ច​គោរព​​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស​ម្ចាស់ផ្ទះ​។ ទន្ទឹមនឹងនេះ ពួកគេ​ក៏មាន​ករ​ណ៍​​កិច្ច​មិន​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នោះដែរ​។​

ខ​. និវេសនដ្ឋាន​ទាំងឡាយ​របស់​ស្ថាន​បេសកកម្ម មិន​ត្រូវបាន​ប្រើប្រាស់​តាមរបៀប​ណាមួយ​​ដែល​មិន​ស្របតាម​មុខងារ​របស់​ស្ថាន​បេសកកម្ម ដូច​មានចែង​ក្នុង​អនុសញ្ញា​នេះ ឬ​ដោយ​​វិធាន​ច្បាប់​អន្តរជាតិ​ទូទៅ​ផ្សេងទៀត ឬ​ដោយ​កិច្ចព្រមព្រៀង​ពិសេស​ណាមួយ​ជា​ធរមាន​​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ម្ចាស់ផ្ទះ​។​

​ក្នុង​គោលដៅ​នេះ គោលការណ៍​សមភាព អធិបតេយ្យ​របស់​រដ្ឋ​បូរណភាព​ដែនដី និង​ការ​​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ត្រូវតែ​គោរព​ឱ្យបាន​ពេញលេញ​។​

៤. ទោះបីជា​មានការ​អំពាវនាវ​របស់​ក្រុម​ក្រៅច្បាប់ ឱ្យធ្វើ​ពហិការ​បោះឆ្នោត​ក៏ដោយ ក៏​ការបោះឆ្នោត​​សកល​កាលពី​ឆ្នាំមុន មាន​ចំនួន​អ្នកចូលរួម​បោះឆ្នោត រហូតដល់​៨៣,០២​ភាគរយ ពោល​គឺជា​អត្រា​ខ្ពស់​​បំផុត​មួយ បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​នានា នៅក្នុង​បណ្តា​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​​ប្រជាធិបតេយ្យ​ជា​យូរ​មកហើយ​។ ការបោះឆ្នោត​នោះបាន ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិភាព​​មាន​សណ្តាប់ធ្នាប់​សរី​និង​យុត្តិធម៌ ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ពី​សំណាក់​អ្នកសង្កេតការណ៍​​ជាតិ​និង​អន្តរជាតិ​រាប់ម៉ឺន​នាក់​។ លើសពីនេះ​ទៀត តួលេខ​នេះ​ក៏​បញ្ជាក់​ពី​បំណងប្រាថ្នា​របស់​​ប្រជាជន​កម្ពុជា ក្នុង​ការចង់​បានការ​បន្ត​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​លើ មាគ៌ា​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ​​និង​នីតិរដ្ឋ​ជា​និរន្តរ៍ ក៏ដូចជា​ការបន្ត​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន លើ​គណបក្សកាន់អំណាច​។ ការបដិសេធ​​ចំពោះ​ការពិត​ទាំងនេះ ស្មើនឹង​ការវាយប្រហារ​ទៅលើ​ឆន្ទៈ សេរី​របស់​ប្រជាជន​កម្ពុជា​ភាគច្រើនបំផុត​​ក៏ដូចជា​លើ​សុ​ច្ចរិតភាព របស់​អ្នកសង្កេតការណ៍​ទាំងអស់ ដែល​បាន​វាយតម្លៃ​ការបោះឆ្នោត​លើ​ទីតាំង​ជាក់ស្តែង​។​

៥. សកម្មភាព​មួលបង្កាច់​ឥតឈប់ឈរ​របស់ ស្ថានទូត​សហរដ្ឋអាមេរិក មិន​ត្រឹមតែ​ប្រព្រឹត្តទៅ​ផ្ទុយ​នឹង​
​ការខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​ប្រកបដោយ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​
​ទំនាក់ទំនង​មិត្តភាព លើ​គ្រប់​វិស័យ​ជាមួយ នឹង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចោទ​ជា​សំណួរ​
​អំពី​គោលបំណង​ស្មោះត្រង់ របស់​ស្ថានទូត​សហរដ្ឋអាមេរិក ចំពោះ​កម្ពុជា​ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

×