ភ្នំពេញ ៖ លោក កែវ វ៉ាន្នី សមាជិកគណៈមេធាវី ដែលជាមេធាវីការពារក្តី ឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីដែលកំពុងជាប់ទោសក្នុងពន្ធនាគារ បានចេញលិខិតបណ្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍ កាលពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
បណ្តឹងសាទុក្ខរបស់លោក កែវ វ៉ាន្នី ដែលគោរពចូលមកលោកប្រធានសាលាឧទ្ធរណ៍ ក្នុងកម្មវត្ថុ បណ្តឹងសាទុក្ខចំពោះសាលដីកាលេខ ៤៨ ក្រVl “ឃ”ចុះថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧ របស់សាលាឧទ្ធរណ៍ដែលសម្រេចមិនព្រមដោះលែងឈ្មោះយាង សុធារិន្ទ ហៅយាង សុជាមេត្តា និងឈ្មោះអ៊ួន ឈិន នៅក្រៅឃុំបណ្តោះអាសន្ន។
នេះបើយោងតាមបណ្តឹងសាទុក្ខ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះ លោកមេធាវីកាពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី បានជម្រាបជូនប្រធានសាលាឧទ្ធរណ៍ថា “កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧ សាលាឧទ្ធរណ៍បានចេញសាលដីកាលេខ ៤៨ ក្រVl “ឃ”ដែលសម្រេចមិនព្រមដោះលែងកូនក្តីខ្ញុំបាទឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមពាក្យបណ្តឹងឧទ្ធរណ៍របស់ខ្ញុំបាទឡើយ។ សាលដីកានេះពុំមានភាពយុត្តិធម៌សម្រាប់កូនក្តីខ្ញុំបាទឡើយ។ ខ្ញុំបាទសុំប្តឹងសាទុក្ខចំពោះសាលដីកានេះ”។
សូមបញ្ជាក់ថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃ១៨ ខែវិច្ឆិកា បានសម្រេចេញដីកាឃុំខ្លួន លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ” តាម មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ម៉ារឌី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាព ពីលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទីស្នាក់ការរបស់វិទ្យុ អាស៊ីសេរី ដោយរំលោភច្បាប់កម្ពុជា ក្រោយពេលដែលវិទ្យុអាស៊ីសេរី បិទការិយាល័យរបស់ខ្លួននៅកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ