បាត់ដំបង៖ លោកស្នងការខេត្តបាត់ដំបងបានព្រមានដាក់ពិន័យធ្ងន់ៗ ចំពោះកងកម្លាំងណាដែលមានចេតនាលាតត្រដាងរឿងផ្ទៃក្នុង របស់អង្គភាពឲ្យអ្នកខាងក្រៅបានដឹង។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តន៍បន្ត ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានព្រមានដាក់ទណ្ឌកម្មលើកងកម្លាំងនគរបាលជាតិរូបណាម្នាក់ តាមលក្ខខណ្ឌច្បាប់ក្រោយការស៊ើបអង្កេត រកឃើញច្បាស់លាស់ពីគោលបំណង ឬផ្តល់ព័ត៌មានផ្ទៃក្នុងទៅឲ្យអ្នកអង្គភាពផ្សេងបានដឹងពិសេសអ្នកសារព័ត៌មាន ។
លោកស្នងការបានបន្ថែមថា ការព្រមានត្រង់ៗដល់មន្ត្រីក្រោមឱវាទខាងលើកើតឡើង ដោយសារក្នុងអំឡុងពេលចុងក្រោយនេះ មានការគត់សម្គាល់មួយចំនួនឃើញថា កន្លងមករឿងផ្ទៃក្នុងរបស់អង្គភាព ទោះជាតូចតាចក្តី ក៏ត្រូវបានបែកសាយទៅដល់មជ្ឈដ្ឋានខាងក្រៅបានដឹងដែរ ដែលបញ្ហានេះអាចជាហេតុផលនាំឲ្យបុគ្គលដែលមានចេនាមិនល្អឆ្លៀតឱកាសកេងចំណេញ បង្កឲ្យមានការបាក់បែកសាមគ្គីភាពផ្ទៃក្នុង របស់កងនគរបាលជាតិ ក្រោមរូបភាពផ្សេងៗ ឬ ផ្សព្វផ្សាយជាសាធារណ: ទៅក្នុងបណ្តាញព័ត៌មានសង្គមធ្វើឲ្យមានការភ័ន្តច្រឡំ បាត់បង់សេចក្តីថ្លៃថ្នូររបស់អង្គភាព រហូតដល់កម្លាំងនីមួយៗបាត់បង់នូវជំនឿ មិនទុកចិត្តគ្នាទៅវិញទៅមករហូតបាក់បែកសាមគ្គីភាព និងជះឥទ្ធិពលមិនល្អផងដែរ ដល់ថ្នាក់ដឹកនាំ។
ផ្ទុយទៅវិញបើមន្ត្រីដែលបានប្រព្រឹត្តខុស ជាថ្នាក់ដឹកនាំវិញនោះ កាន់តែមិនគប្បីថែមទៀត ដោយមិនមានការទទួលខុសត្រូវលើការងារក្នុងភាពជាអ្នកដឹកនាំគំរូ ដល់កងកម្លាំងថ្នាក់ក្រោមជាច្រើនទៀត ប្រការនេះមិនមានសេចក្តីសុខស្ងប់ឡើយក្នុងឆាកជីវិត។
ការបញ្ចេញប្រតិកម្មព្រមានដាក់ទណ្ឌកម្មធ្ងន់ៗមិនធ្លាប់មានពីមុនមកនេះ កើតឡើងដោយសារលោកស្នងការខេត្តអស់ភាពអត់ធ្មត់ ក្នុងករណីកងកម្លាំងនគរបាលជាតិ ក្រោមឱវាទល្មើសនិងលក្ខន្តិក: របស់នគរបាលជាតិ ដែលបានចែងក្នុងមាត្រាទី២២ មាត្រាទី២៣ និងមាត្រាទី២៤ ដែលហាមដាច់ខាតមិនអនុញ្ញាតឲ្យមានការផ្តលព័ត៌មានផ្ទៃក្នុង ឬកិច្ចការងារសម្ងាត់ផ្នែកវិជ្ជាជីវៈណាមួយ របស់នគរបាលជាតិទៅឲ្យតតីយជនណាម្នាក់ ដោយគ្មានការអនុញ្ញាតពីអង្គភាពឡើយ យោងតាមវិន័យលេខ០០៦របស់ក្របខ័ណ្ឌនគរបាលជាតិ។
ទោះបីជាយ៉ាងណាយោងតាមខ្លឹមសារនៃកិច្ចប្រជុំ លោក អ៊ុច សុខុន ក៏បានជំរុញយ៉ាងមុតមាំដល់គ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ក៏ដូចជាករិយាល័យជំនាញផ្សេងៗទៀត ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារតាមផែនការបន្ថែមទៀត សំដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់សង្គម ពិសេសធានាផ្តល់ភាពកក់ក្តៅ និងជំនឿទុកដល់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល៕ ដោយ៖កូឡាប