ឧត្តរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងថា គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ និងជលផល ឲ្យកាន់តែសកម្មថែមទៀតចំពោះបទល្មើស ដោយគ្មានការលើកលែង។
ក្នុងពិធីដាំកូនឈើក្រញូងចំនួន២៥០០ដើម លើដីបីហិកតាក្នុងដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខវ័ន ស្ថិតនៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និយាយថា ព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ ហើយការដាំកូនឈើក្រញូង នៅក្នុង ព្រៃសង្ឃសហគមន៍សង្ឃរុក្ខវ័ននាពេលនេះ គឺដើម្បីស្ដារធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា ជាពិសេសនោះ គឺទុកជាសម្បត្តិជាតិ និងជាសម្បត្តិសកលមនុស្សជាតិ សម្រាប់សិក្សាស្រាវជ្រាវ ដើម្បីកែប្រែសោភ័ណភាពសហគមន៍។
លោកបន្តថា គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុកនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ និងជនផល ឲ្យកាន់តែសកម្មថែមទៀតចំពោះបទល្មើស ដោយគ្មានការលើកលែង និងត្រូវមានវិធានការលួចលាក់ ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការរុករាន ដុត ឈូសឆាយដី ព្រៃឈើធ្វើជាកម្មសិទ្ធិខុសច្បាប់។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវចូលរួមបន្តថែរក្សា ការពារព្រៃឈើដែលមានស្រាប់ ព្រមទាំងជំរុញការដាំកូនឈើគ្រប់ប្រភេទឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅតាមវត្តអារាម ភូមិដ្ឋាន សហគមន៍ និងទីកន្លែងផ្សេងទៀតៗឲ្យបានច្រើន។
ព្រះតេជគណឧត្ដមណី ប៊ុន សាលួត ព្រះមេគុណខេត្ត និងជាព្រះប្រធានដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានមានសង្ឈដីកាថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្ដរមានជ័យ មានផ្ទៃក្រឡាចំនួន១៨.២៦១ហិចតា ជាប់ព្រំប្រទល់ទៅនិងក្រុង ស្រុកចំនួន គឺ ក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់៕ ដោយ៖កូឡាប