ភ្នំពេញ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន៥៦រូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី៥នាក់ , ២៩នាក់ នៅប្រទេសវៀតណាម និង២២នាក់ នៅប្រទេសថៃ ត្រូវបានស្ថានទូតតំណាងកម្ពុជាប្រចាំនៅក្រៅប្រទេស អន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តមកកម្ពុជាវិញ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៥នាក់ ក្នុងនោះពលការិនី៤នាក់ ដេលបានធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និងកុមារាម្នាក់ ដែលបានមកដល់កម្ពុជាវិញ នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧។ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ២៩នាក់ ក្នុងនោះកុមារចំនួន២១នាក់ មានអាយុចន្លោះពី១ឆ្នាំដល់៥៩ឆ្នាំ មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅនិងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅវៀតណាម។ អាជ្ញាធរវៀតណាម បានរៀបចំឲ្យពលរដ្ឋខ្មែរស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គមក្នុងខេត្តទៀនយ៉ាង និងក្នុងទីក្រុងហូជីមិញ មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុល។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង២៩នាក់ មកកម្ពុជាវិញ នៅថ្ងៃទី២៧ និងទី២៩ខែធ្នូឆ្នាំ២០១៧ ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត។ តាមការសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ តុលាការខេត្តត្រាត ប្រទេសថៃ បានបើកសវនាការនិងសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន២២នាក់ នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ ក្រោយពីពួកគេត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនជាមួយទូកនេសាទ៥គ្រឿង កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៧ ពីបទចូលនេសាទក្នុងដែនទឹករបស់ថៃ។ ពលរដ្ឋទាំងនោះបានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៣ខែធ្នូ តាមច្រកព្រំដែនអន្តរជាតិផាក់កាត ខេត្តត្រាត ចាំយាម ខេត្តកោះកុង។ ចំណែកទូកនេសាទទាំង៥គ្រឿង ត្រូវបានអាជ្ញាធរថៃរក្សាទុក ដោយរង់ចាំតុលាការសម្រេចនៅពេលក្រោយ៕
ពលរដ្ឋខ្មែរ៥រូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី បានត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងពលរដ្ឋខ្មែរនៅប្រទេសវៀតណាម ដែលទៅរកស៊ីលក់ឆ្នោត ត្រូវបានបញ្ជូនមកដល់កម្ពុជាថ្ងៃទី២៧ និង២៩ ខែធ្នូ ឆ្នាំ២០១៧។ ដោយឡែកពលរដ្ឋខ្មែរ២២រូប ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន ពនៅលើទូកនេសាទខុសច្បាប់នោះ ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧៕ ដោយ៖កូឡាប