ភ្នំពេញ៖ កម្លាំងនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាប្ដី ដែលបានសម្លាប់ប្រពន្ធរបស់ខ្លួន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ នៅខេត្តព្រះសីហនុ ហើយត្រូវបាននាំខ្លួនមក ប្រគល់ខ្លួនឲ្យសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលជាម្ចាស់សាម៉ីលើទឹកដីកន្លែងកើតហេតុ ។
ប្រតិបត្តិការនេះបានធ្វើឡើង រវាងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនដៃដល់ជាអ្នកសម្លាប់ប្រពន្ធរបស់ខ្លួន ជាកម្មការិនីនៅរោងចក្រ QMI ឈ្មោះព្រីម បូផា អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានចាប់ខ្លួនហើយ ខណៈដែលជននេះបានរត់គេចខ្លួន និងទៅលាក់ខ្លួននៅខេត្តព្រះសីហនុ ជាងកន្លះខែកន្លងមក។ ជនរងគ្រោះ ត្រូវបានប្តីសម្លាប់ស្ថិតនៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នៅពេលនេះជនសង្ស័យ បាននិងកំពុងនាំខ្លួន មកសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖បញ្ញាស័ក្តិ