ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងធ្វើការបើកបណ្តាញទូរស័ព្ទសំរាប់ទំនាក់ទំនងសារជាថ្មីជាមួយនឹងកូរ៉េខាងត្បូង ដើម្បីសម្រួលដល់ការពិភាក្សាគ្នាពីការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៏កីឡា អូឡាំពិចរដូវរងាខាងមុខ។
បណ្តាញទំនាក់ទំនងរវាងកូរ៉េខាងទាំងពីរ នឹងត្រូវបើកសារជាថ្មីនៅម៉ោង ៣ និង៣០នាទីល្ងាចនេះ (ម៉ោង នៅកូរ៉េ)។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានកូរ៉េខាងត្បូង Yonhap។
ការបើកឲ្យមានខ្សែទូរស័ព្ទសំរាប់ទាក់ទងគ្នាវិញនេះ កើតឡើង ក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា ខ្លួនបើកចំហរឲ្យមានកិច្ចសន្ទនាជាមួយនឹងទីក្រុងសេអ៊ូល និងការបញ្ជូលគណៈប្រតិភូកីឡាកូរ៉េខាងជើងឲ្យចូលរួមកីឡាអូឡាំពិចនៅកូរ៉េខាងត្បូង។
ប្រទេសបងប្អូនទាំងពីរ មិនដែលបានធ្វើកិច្ចពិភាក្សាកំរិតខ្ពស់ជាមួយគ្នាចាប់តាំងពីឆ្នាំ ២០១៥មកម្លេះ។
អស់ជាច្រើនឆ្នាំមកហើយ កូរ៉េខាងជើងបានកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនាក់ជាមួយនឹងកូរ៉េខាងត្បូង និងបដិសេធមិនធ្វើការឆ្លើយតបអ្វីទាំងអស់ចំពោះការតេទំនាក់ទំនងមកពីកូរ៉េខាងត្បូង។
ឯប្រទេសកូរ៉េខាងត្បូងនេះវិញ បានបញ្ជាក់ថា ស្វាគមន៏ចំពោះការចូលរួមរបស់កូរ៉េខាងជើងក្នុងកីឡាអូឡាំពិច ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយ៕ សុភ័ក្ត្រ