Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

០៦​ខែ ដើមឆ្នាំ​២០១៩ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៣,៣​លាន​នាក់​

​ភ្នំពេញ​៖​ក្នុង​រយៈពេល ០៦​ខែ ដើមឆ្នាំ​២០១៩ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៣,៣​លាន​នាក់ កើនឡើង ១១.២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី 6 ខែសីហា ឆ្នាំ 2019 បាន​ថ្លៃ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ថា​ ​កត្តា​សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នេះហើយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​ក៏មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​។ វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា មាស​បៃតង គឺជា​វិស័យ​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជាការ​នាំចេញ​នៅនឹងកន្លែង ព្រមទាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន ឆ្លើយតប​នឹង​បំរែបំរួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​បន្តថា ជាក់ស្តែង នៅ​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៦,២​លាន​នាក់ ក្នុង​អត្រាកំណើន ១០.៧% ដោយបាន​នាំមក​នូវ​ប្រាក់ចំណូល​ជូន​ជាតិប្រមាណ​ជាង ៤,៣៥៦ លាន​ដុល្លារ​អាមេរិក រួមចំណែក​១២.៧% ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់​។ ដោយឡែក​ក្នុង​រយៈពេល ០៦​ខែ ដើមឆ្នាំ​២០១៩ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៣,៣​លាន​នាក់ កើនឡើង ១១.២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។​

​ដោយឡែក ឆ្នាំ​២០១៨ រាជធានី​ភ្នំពេញ​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ៣,៦​លាន​នាក់ កើនឡើង ១៤.៨% (​ស្មើនឹង ៥០.៥% នៃ​ចំនួន​ទេសចរ​សរុប​) ក្នុងនោះ​ទេសចរ​មកលេង ច្រើនជាងគេ​រួមមាន ចិន ម៉ាឡេស៊ី ចិនតៃវ៉ាន អាមេរិក ជប៉ុន ថៃ កូរ៉េ បារាំង អូស្ត្រាលី និង​សឹង្ហ​បុរី​។ ក្នុង​រយៈពេល ០៦​ខែ ដើមឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ២​លាន​នាក់ កើនឡើង ២៧.៣% (​ស្មើនឹង ៥២.៦% នៃ​ចំនួន​ទេសចរ​សរុប​)​។​

​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា នឹង​ទទួល​ទេសចរ​អន្តរជាតិ ៦,៧​លាន​នាក់ ឆ្នាំ​២០២០ ប្រមាណ​ជាង ៧​លាន​នាក់ ឆ្នាំ​២០២៥ ប្រមាណ ១១​លាន​នាក់ និង​ឆ្នាំ​២០៣០ ប្រមាណ ១៥​លាន​នាក់​។​

​លោក​ថោង ខុន បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ស្អាត បៃតង និង​សេវា​ប្រកប​ដោយ​គុណភាព ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ០៤​ចំនុច​៖

១- បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ការឆ្នៃប្រឌិត និង​នវានុវត្តន៍

២- ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ តាម​ទស្សនទាន សេវា មួយ ស្តង់ដារ​មួយ និង​អភិវឌ្ឍ​ធនធានមនុស្ស តាម​ទស្សនទាន បុគ្គលិក​ម្នាក់ ជំនាញ​មួយ​

៣- ពង្រឹង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស​

៤- ពង្រឹង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​តាម​ប្រព័ន្ធ Online ( Smart Tourism)

ដើម្បី​ធ្វើការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​និរន្តរភាព ក្រសួងទេសចរណ៍​បាន​កសាង​នូវ​ឯកសារ​គតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ​សំខាន់ៗ​ដូចជា​៖ ច្បាប់​ស្តីពី​ទេសចរណ៍ ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ទេសចរណ៍ ២០១២-២០២០ គោលនយោបាយ​ជាតិ​ទេសចរណ៍ ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា និង​យុទ្ធសាស្ត្រ​ទីផ្សារ​ចិន សៀវភៅ​ស​ស្តីពី China Ready គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ និង​អនុក្រឹត្យ​ស្តិ​ពី​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​ពិសិដ្ឋ (​ដែល​រាជរដ្ឋាភិបាល​ទើប​អនុម័ត​ថ្មីៗ​នេះ​)​។​

​ស្រប​ជាមួយនឹង​ស្តង់ដា​គុណភាព​ទេសចរណ៍​ថ្នាក់​តំបន់​អាស៊ាន កម្ពុជា​ក៏បាន​រៀបចំ​បង្កើត និង​ដាក់ចេញ​នូវ​ស្តង់ដា​ថ្នាក់ជាតិ​ផងដែរ​រួមមាន​៖ ស្តង់ដា​សណ្ឋាគារ​បៃតង​កម្ពុជា ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា ស្តង់ដា​បន្ទប់​ប្រជុំ​កម្ពុជា ស្តង់ដា​បង្គន់​សាធារណៈ​កម្ពុជា ស្តង់ដា​ទេសចរណ៍​សហគម​ន៍ក​ម្ពុ​ជា ស្តង់ដា​ទីក្រុង​ស្អាត​កម្ពុជា ស្តង់ដា​ភោជនីយដ្ឋាន​ស្អាត​កម្ពុជា ស្តង់ដា​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា ស្តង់ដា​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ​។

​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏​ទើបបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត ស្តង់ដារ​វិថី​ម្ហូបអាហារ (Food Street) និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ (Street Food)​។​

​នៅ​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៩ ខាងមុខ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ (First International Conference on Gastronomy and Food Tourism) នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹងមាន​ប្រតិភូ វាគ្មិន អ្នកជំនាញការ​
​អន្តរជាតិ​មកពី​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន ចូលរួម​ប្រមាណ ៦០០​នាក់ ក្នុង​គោលបំណង​​ជម្រុញ​ផ្សព្វផ្សាយ​ម្ហូបអាហារ​ខ្មែរ​ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ហើយក៏​នឹង​បង្ហាញ​នូវ នំ​បញ្ចុក​ខ្មែរ ផងដែរ​។​

​ទីក្រុង និង​ទេសចរណ៍ មាន​ចំណង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​យ៉ាង​ស្អិតរ​មួ​ត ព្រោះថា ទីក្រុង​ជា​បណ្តុំ​ដ៏​សំខាន់ ទាំង​សម្រាប់​ការរស់នៅ ការសម្រាកលំហែ សកម្មភាព​ទេសចរណ៍ សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​ជាដើម ។​ល​។ ជោគជ័យ​នៃ​វិស័យ​ទេសចរណ៍ នឹងចូលរួម​ដល់​ការអភិវឌ្ឍ​ទីក្រុង តាមរយៈ​ការនាំមក​នូវ កាល្លានុវត្តភាព​សេដ្ឋកិច្ច ពាណិជ​កម្ម វិនិយោគ​គំរូ​ថ្មី​នៃ​ការអភិវឌ្ឍ​នគរូបនីយកម្ម ការអភិរក្ស​បេតិកភណ្ឌ​ទីក្រុង ការគិតគូរ​និរន្តរភាព​បរិស្ថាន ភាព​ស្អាត ភាព​បៃតង និង​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ទ្រទ្រង់​ចាំបាច់​នានា​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ​។

​សម្រាប់​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន គឺមាន​ការ​ប្រែ​មុខមាត់ និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស សក្តិ​សមជា​រាជធានី និង​ជា​បេះដូង​របស់​ប្រទេសជាតិ ព្រមទាំង​ក្លាយជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច ពាណិជ​កម្ម វិនិយោគ ទេសចរណ៍ វប្បធម៌​ដ៏​ធំចំបង​។ យើង​សង្កេតឃើញ អាគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ ស្ពាន​អាកាស ផ្លូវថ្នល់ ផ្សារ​ទំនើប សំណង់​បូរី​
​ថ្មីៗ Apartment, Condo ក្រុមហ៊ុន ធនាគារ និង​អាគារ​ខ្ពស់ៗ​ជាច្រើន​ទៀត បាន​និង​​កំពុង​រីក​ស្គុះស្គាយ និង​លេច​ត្រដែត​ឡើង​ពាសពេញ​ទីក្រុង​ភ្នំពេញ​។

​ជាក់ស្តែង កាលពី​ខែធ្នូ ឆ្នាំ​២០១៧ កន្លងមកនេះ ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប បាន​បោះឆ្នោត​ជ្រើសរើស រាជធានី​ភ្នំពេញ ជា​រាជធានី​នៃ​វប្បធម៌ ​និង​ទេសចរណ៍​ពិភពលោក ហើយ​ពេលនោះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើប​ឡើង​តំណែង​ថ្មី ក៏បាន​ឡើង​ទទួល​ជ័យលាភី​នេះ​នៅ​ចំពោះមុខ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ផងដែរ​។​

លោក​បាន​ថ្លែងថា ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ ចូលរួម​អបអរសាទរ​ដល់ ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ដែល​បានទទួល​ជ័យលាភី ក្នុង​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​២ (២០១៨-២០២១) ដែល​រួមមាន ខណ្ឌដូនពេញ (​ផ្ការំដួល ៣​ទង​) ខណ្ឌទួលគោក (​ផ្ការំដួល ២​ទង​) ខណ្ឌចំការមន (​ផ្ការំដួល ២​ទង​) ខណ្ឌ​៧​មករា (​ផ្ការំដួល ២​ទង​) ខណ្ឌ​ព្រែក​​ព្នៅ (​ផ្ការំដួល ១​ទង​) ខណ្ឌ​ពោធិ​សែន​ជ័យ (​ផ្ការំដួល ១​ទង​) ខណ្ឌមានជ័យ (​ផ្ការំដួល ១
​ទង​) ខណ្ឌ​ច្បារអំពៅ (​ផ្ការំដួល ១​ទង​) ខណ្ឌដង្កោ (​ផ្ការំដួល ១​ទង​) ខណ្ឌ​សែន​សុខ (​ផ្កា​​រំដួល ១​ទង​) ខណ្ឌ​ជ្រោយចង្វារ (​ផ្ការំដួល ១​ទង​) និង​ខណ្ឌ​ឬ​ស្សី​កែវ (​ផ្ការំដួល ១​ទង​)​។​

​ជាងនេះទៀត រាជធានី​ភ្នំពេញ​ក៏​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍ អាស៊ាន​ឆ្នាំ​២០១១ (ATF 2011) ហើយ​នៅ​ឆ្នាំ ២០២១ ខាងមុខ ក្រសួងទេសចរណ៍​នឹង រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF) ជា​លើក​ទី​២ នៅ​ភ្នំពេញ​ផងដែរ​។ ដូច្នេះ ក្នុង ​រយៈពេល​១០​ឆ្នាំនេះ ភ្នំពេញ​ត្រូវតែមាន​ការប្រែប្រួល​មុខមាត់​ថ្មី មាន​ផែ​ទេសចរណ៍​ថ្មី មាន​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​ស្តង់ដារ និង​គុណភាព​ខ្ពស់​។​

​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ថ្មីៗ​នេះ ក្នុងឱកាស សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ ពហុ​កីឡដ្ឋាន “​មរតក​តេ​ជោ​” សម្តេច​តេ​ជោ បានបញ្ជាក់​ច្បាស់​ថា រាជធានី​ភ្នំពេញ​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ​២០២០ កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ និង​ស៊ី​ហ្គេម (SEA Games) ឆ្នាំ​២០២៣​។

​ទោះជា​យ៉ាងណាក៏ដោយ រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន មានដូចជា​៖ ការកកស្ទះ​ចរាចរ​នៅ​ស្ទើរ​គ្រប់​ដងផ្លូវ​សំខាន់ៗ ​បញ្ហា​សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ​នៅ​ទីផ្សារ និង​ទីប្រជុំជន បញ្ហា​ការគ្រប់គ្រង​សំរាម (​សំណល់​រឹង រាវ និង​ការប្រមូល​សំរាម​) កង្វះ​បង្គន់​សាធារណៈ​នៅតាម​ទីកន្លែង​សំខាន់ៗ បញ្ហា​ចំណតរថយន្ត (​បេនឡាន Taxi, Bus, ចំណតរថយន្ត​ឯកជន​) កង្វះ​កន្លែង​ថ្មើ​ជើង បញ្ហា​សន្តិសុខ សុវត្ថិភាព​ទេសចរ (​មាន​ករណី​ចោរ​លូច ចោរឆក់​) បញ្ហា​គ្រឿងញៀន​នៅតាម​ក្លឹប​កំសាន្ត ពុំទាន់​មាន​ផែ​ទេសចរណ៍ (​ឆ្នាំ​២០២០​ខាងមុខ យើង​នឹងមាន​កំពង់ផែ​ថ្មី​មួយ​)​កាណូត​ដឹកជញ្ជូន​ទេសចរ​មួយចំនួន​រកស៊ី​អត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពុំទាន់​មាន​បង្កើត​កន្លែង​កម្សាន្ត​ទេសចរណ៍​ទាក់ទាញ​ថ្មីៗ​អោយបាន​ច្រើន ការគ្រប់គ្រង​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍​នៅតាម​ខណ្ឌ​ទាំង​១៤ នៅមានកម្រិត​នៅឡើយ (​អាជីវកម្ម​មួយចំនួន​រកស៊ី​អត់​ច្បាប់​) បញ្ហា​ស្លាក​យីហោ​អាជីវកម្ម (​ភាសា​ចិន​) មុខម្ហូប (​ភាសា​ចិន​) កង្វះ​មណ្ឌល​ពត៌មាន​ទេសចរណ៍ មន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​ទេសចរណ៍​ខណ្ឌ​ទាំង​១៤ នៅមានកម្រិត មូលដ្ឋាន​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប​មាន ៣,០៩៦ កន្លែង ប៉ុន្តែ​មូលដ្ឋាន​អាជីវកម្ម​រកស៊ី​អត់​ច្បាប់ និង​ផុត​សុ​ភព​ភាព​មាន ១,២៥៣ កន្លែង (​ស្មើនឹង ៤០.៥% នៃ​ចំនួន​សរុប​)​។​

​ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ជាទី​ក្រុង​ទេសចរណ៍​ប្រកបដោយ​ភាព​ស្អាត បៃតង មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរ អនាម័យ បរិស្ថាន​ល្អ និង​សក្តិ​សមជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូលៗ និង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ យើងទាំងអស់គ្នា​ដែលមាន​វត្តមាន​នៅទីនេះ ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ សំដៅ​ពិនិត្យ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ជាងនេះទៀត យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា អនុវត្តតាម​អនុសាសន៍​ណែនាំ ០៥​ចំណុច របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ដូចខាងក្រោម​៖ ទី​១. ត្រូវ​បង្កើន​ភាព​ទាក់ទាញ និង​រស់​រវើក​នៅ​ទីក្រុង តាមរយៈ​ការប្រើប្រាស់​បច្ចេក វិទ្យា​ក្នុងការ​បង្កើត​ទីក្រុង​ប្រកបដោយ​ភាព​វ័យឆ្លាត (Smart City) ដោយ​រៀបចំ​ឲ្យ​មាន​ក្របខណ្ឌ​គោលនយោបាយ​ជាក់លាក់​មួយ​ស្តីពី​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​ឆ្ពោះទៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។ ទន្ទឹមនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវ​បំពាក់​ឲ្យ​មាន​វ៉ា​យ​ហ្វា​យ (Free Wifi) នៅតាម​គោលដៅ​ទេសចរណ៍​និ​មួយៗ ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង ឲ្យ​បាន​មុន​ឆ្នាំ​២០២៣​។ ទី​២. ត្រូវ​បង្កើន​ភាព​ទាក់ទាញ និង​រស់​រវើក​នៅ​ទីក្រុង តាមរយៈ​ការធានា​ឲ្យ​បាន​
​ភា​ព​ស្អាត និង​បៃតង គឺ​កម្ពុជា​ស្អាត កម្ពុជា​បៃតង ទម្លាប់​នៃ​ភាព​ស្អាត ទាំង​លំនៅដ្ឋាន​ស្អាត ភូមិ​ស្អាត សង្កាត់​ស្អាត ដែល​ផ្តើមចេញពី​យើងទាំងអស់គ្នា​។ ទី​៣. ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​រស់​រវើក​នៅ​ទីក្រុង យើង​ត្រូវ​គិតគូរ​អំពី​សណ្តាប់ ធ្នាប់ និង​សូម​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សិក្សា​រៀបចំ ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​។ ទន្ទឹមនេះ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ធានា​ឲ្យ​ទីក្រុង​របស់ខ្លួន​មាន​សណ្តាប់ធ្នាប់​ល្អ មាន​ចំណត​យានយន្ត​ត្រឹមត្រូវ មាន​ចិញ្ចើមផ្លូវ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន និង​ភ្ញៀវទេសចរ​។ ទី​៤. ដើម្បី​បង្កើន​ភាព​ទាក់ទាញ និង​រស់​រវើក​នៅ​ទីក្រុង យើង​ត្រូវ​ចាំបាច់​ធានា​ឲ្យ​បាន សន្តិសុខ និង​សុវត្ថិភាព​សង្គម គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ចលនា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​គ្រប់ពេល និង​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនេះ ត្រូវធ្វើ​យុទ្ធនាការ ទីក្រុង​ស្អា​ត ៖ ទីក្រុង​ដែលមាន​សុវត្ថិភាព​ចំណីអាហារ និង​ស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត ក្រម​ប្រតិបត្តិ​ភោជនីយដ្ឋាន​ស្អាត ឲ្យ​បាន​ទូលំទូលាយ និង​សូម​ប្រកាស​ដាក់​ឲ្យ​អនុវត្ត ស្តង់ដារ​វិថី​ម្ហូបអាហារ (Food Street) ដែលជា​សូចនាករ​ថ្មី​មួយទៀត ក្នុង​ស្តង់ដារ​ទីក្រុង​ស្អាត និង​ចលនា​ប្រលង ប្រណាំង ទីក្រុង​ស្អា​តៈ ទីក្រុង​មាន​វិថី​ម្ហូបអាហារ​ស្អាត ជា​រៀងរាល់ឆ្នាំ​។ ទី​៥. ដើម្បី​ធានាបាន​ចីរភាព​ការអភិវឌ្ឍ​ទីក្រុង ត្រូវអនុវត្ត​នូវ​ទស្សនទាន​បៃតង​។ ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​គ្រប់​អភិបាល រាជធានី​-​ខេត្ត ត្រូវ​បំផុត​ឲ្យ​មាន​ផលិតកម្ម​ក្នុងស្រុក​នានា​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ តាមរយៈ​បាវចនា វិស័យ​ទេសចរណ៍​គឺជា​ការនាំចេញ​នឹង​កន្លែង ហើយ​ទីក្រុង​ទេសចរណ៍​ធំៗ​ទាំងអស់​ត្រូវតែ​ជាទី​ក្រុង​ដែលមាន​ខ្សែក្រវ៉ាត់​បៃតង (Green Belt)​។​

​ជារួម យើង​ជឿជាក់ថា អនុសាសន៍​ណែនាំ ០៥​ចំនុច របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី យើង​ពិតជា​អាចធ្វើ​បាន ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ត្រឹមត្រូវ​ឈ្លាសវៃ​របស់លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​សហការី​ទាំងអស់ រួមទាំង​ផ្នែក​ឯកជន​ផងដែរ​។​

​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​កន្លងមក គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ លោកស្រី គឹម សុ​វណ្ណា អតីត ប្រធាន​មន្ទីរ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ រហូតដល់ លោកស្រី គឹម សុ​វណ្ណា ត្រូវបាន​ឡើងកាន់តំណែង​ថ្មី​ជា សមាជិកសភា (​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​) កាលពី​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៩​។

​ដូច្នេះ ការផ្លាស់ប្តូរ​មុខតំណែង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​បន្ត​ដឹកនាំ គ្រប់គ្រង អភិវឌ្ឍ​វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ឲ្យ​មានគុណ​ភាព ប្រសិទ្ធភាព និង​និរន្តរភាព​។ ការតែងតាំង លោក ម៉ម វាសនា ជា​ប្រធាន​មន្ទីរ​នេះ គឺ​បាន​ឆ្លងកាត់​ការពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ទៅលើ​សមត្ថភាព ចំណេះដឹង និង​បទពិសោធន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ហើយក៏​ទទួលបាន​ការគាំទ្រ និង​ឯកភាព​ពី​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​មុខងារសាធារណៈ​ផងដែរ​។ លោក ម៉ម វាសនា ជា​មន្ត្រី​សកម្ម មាន​សមត្ថភាព ចំណេះដឹង បទពិសោធន៍ មាន​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។ ដូច្នេះ ខ្ញុំ​សង្ឃឹមថា ប្រធាន​មន្ទីរ​ថ្មី​នឹង​ប្រើប្រាស់​ចំណេះដឹង និង​បទពិសោធន៍​ជំនាញ ដើម្បី​ដឹកនាំ និង​គ្រប់គ្រង​វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ដែរ​ថា “​ដើម្បី​ចូលរួមចំណែក ក្នុងការ​លើកស្ទួយ​វិស័យ​ទេ​ចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ ទន្ទឹមគ្នា​នឹង​ការកែលម្អ គុណភាព សេវាកម្ម​ទេសចរណ៍ យើង​ក៏បាន​ខិតខំ ធ្វើការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​សំខាន់ៗ ធ្វើអោយ​ទីក្រុង មានការ​ប្រែ​មុខមាត់​ថ្មី និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ ក្នុងនោះ​រួមមាន​ការស្តា និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អ​ប្រព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធ​ប្រឡាយ​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី ភ្លើង​បំភ្លឺ​សាធារណៈ ការកែលម្អ​សួនច្បារ និង​លំហរ​បៃតង​ជាដើម​” ។​

​លោក​អភិបាល​បាន​បន្តថា “​ជាងនេះទៅទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​លើកកម្ពស់ សុខុមាលភាព​សាធារណៈ តាមរយៈ​ការពង្រឹង​សេវា​សុខាភិបាល ឲ្យ​មាន​គុណភាព ការកែលម្អ​អនាម័យ​បរិស្ថាន ក្នុង​ទីក្រុង ការលើកកម្ពស់​សុខ​សុវត្ថិភាព ចំណីអាហារ ការចូលរួម​ទប់ស្កាត់​ការផលិត ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ លុបបំបាត់ អំពើហិង្សា​ក្នុង​គ្រួសារ ព​ង្រឹ​ក​ការអភិវឌ្ឍ គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព និង​ការផ្តល់​សេវាសាធារណៈ តាមរយៈ​យន្តការ ច្រកចេញចូល​តែមួយ ។ ទាំងនេះ​គឺជា​សក្ខីភាព ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​ជំហរ​មួ​ស​មុត របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​យកចិត្តទុកដាក់ គិតគូរ​ដល់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន សុខុមាលភាព​ទីក្រុង និង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អោយ​ចូលរួម​ទស្សនា​កម្សាន្ត កាន់តែ​ច្រើនឡើងៗ និង​ស្នាក់នៅ​រយៈពេល​វែង ប្រកបដោយ​ភាព​រីករាយ និង​សុខដុម​ប​នីយកម្ម​” ។​

​ក្នុងនោះដែរ លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍ រាជធានី​ភ្នំពេញ​ថ្មី បាន​លើកឡើងថា ចំពោះមុខ​តំណែង​ថ្មី​នេះ គឺជា​ទំនុកចិត្ត​ថ្មី​បន្ថែមទៀត របស់​ថ្នាក់​ដឹក​​នាំ គ្រប់​ជាន់ថ្នាក់ និង​ជា​របត់​ការងារ​ថ្មី ក្នុង​អាជីព​ជា​មន្ត្រីរាជការ​ស៊ីវិល ដែល​ត្រូវ​ចូលរួមចំណែក កាន់តែ​ស៊ីជម្រៅ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ដំណើរការ​អភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ជាពិសេស​ការបំពេញ​តួនាទី​-​ភារកិច្ច​ជូន ក្រសួងទេសចរណ៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ឧស្សាហកម្ម​ទេសចរណ៍ ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការខិតខំ​បំពេញការងារ​ទ្វេដង ដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បំពេញការងារ​ជូន ក្រសួងទេសចរណ៍​, រដ្ឋបាល​រាជធានី​ភ្នំពេញ​, ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​, ប្រតិបត្តិ​ករ​ទេសចរណ៍ និង​បម្រើប្រជាជន ឱ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​៕​ ដោយ​៖​កូ​ឡាប​

×