ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅ ស្នើឲ្យអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ជាពិសេស មន្ត្រីជំនាញថ្នាក់ជាតិ ជួយបង្ហាញចំនួនការដ្ឋានសំណង់សង់ខុសបច្ចេកទេស និងសង់អត់ច្បាប់អនុញ្ញាត ថាមានចំនួនប៉ុន្មានឲ្យពិតប្រាកដ។
ចំណុចនេះ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរស្ថាប័ន ពាក់ព័ន្ធ ជួយបង្ហាញចំនួនការដ្ឋានសំណង់ និងសំណង់សង់អត់ច្បាប់ ដែលមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ ហើយបានហាមឃាត់ការសាងសង់ជាបណ្តោះអាសន្ន ដើម្បីឲ្យសាធារណជនបានដឹងព័ត៌មាននេះជាសាធារណផង។
យ៉ាងនេះក្តី មិនមានប្រភពណាមួយពីសាលាខេត្តព្រះសីហនុ ទម្លាយឲ្យដឹងពីចម្ងល់ ក៏ដូចជារបស់ប្រជាពលរដ្ឋ ទាក់ទិនចំនួនសំណង់ខាងលើនេះទេ។ ប៉ុន្តែបើតាមការអះអាងពី មន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ បញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញបានចុះហាមឃាត់ការដ្ឋានសំណង់មួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ ក្រោយពិនិត្យឃើញថាសំណង់មួយចំនួន ដែលអាជ្ញាធរបានហាមឃាត់ និងផ្អាកការសាងសង់សង់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសង់គ្មានច្បាប់សាងសង់។
មន្ត្រីសាលាខេត្តព្រះសីហនុ មិនបញ្ចេញឈ្មោះ បានបញ្ជាក់ព័ត៌មានបឋមថា មានការដ្ឋានសំណង់ជិត ១០កន្លែងហើយ ដែលមន្ត្រីជំនាញ បានសម្រេចឲ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន។
យ៉ាងនេះក្តី រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ពិតជាផ្លូវការណាមួយ ចេញពីមន្ត្រីជំនាញ អំពីចំនួនការដ្ឋានសំណង់សង់ខុសលក្ខណៈបច្ចេកទេស និងសង់គ្មានច្បាប់អនុញ្ញាត ដែលអាជ្ញាធរសម្រេចឲ្យម្ចាស់ការដ្ឋាន ផ្អាកការសាងសង់នោះ ថាមានចំនួនប៉ុន្មានការដ្ឋានសំណង់ឲ្យពិតប្រាកដនៅឡើយទេ៕ ដោយ៖ ដែន សីមា