បន្ទាយមានជ័យ ៖ នៅខេត្តបន្ទាយមានជ័យ ដំណើរការបើកមុខដំបូងៗនៃការធ្វើប័ណ្ណព្រំដែនថ្មីនេះកាលពីថ្ងៃទី២ មករាឆ្នាំ២០១៨មក។ប័ណ្ណព្រំដែន(Border Pass) ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃផ្ទេរសិទ្ធិធ្វើបែបបទពីនគរបាលអន្តោប្រវេសន៍នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃ មករដ្ឋបាលខេត្ត ស្រុកក្រុងជាប់ព្រំដែននោះ បានដំណើរការនៅសាលាខេត្ត មួយចំនួនជាប់ព្រំដែនកម្ពុជា ការិយាល័យច្រកចេញចូលតែមួយនៃខេត្តមួយចំនួន។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិយាយក្នុងពិធីមួយថា : ប័ណ្ណព្រំដែនកម្ពុជា-ថៃ (BorderPaas) ត្រូវបានចាប់ផ្តើមផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលមានបំណងឆ្លងកាត់ព្រំដែន(កម្ពុជា-ថៃ) ចូលទៅកាន់ខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយនិងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលនិយាយក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តថា៖ ដើម្បីទទួលបានប័ណ្ណព្រំដែននេះ ពុកម៉ែ មាមីង បងប្អូនត្រូវមកទំនាក់ទំនងជាមួយមន្ត្រីនៅសាលាខេត្តបន្ទាយមានជ័យដែលកំពុងរង់ចាំបំពេញបែបបទជូន ដោយត្រូវនាំមកជាមួយ រួមមាន ៖ ១.អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ១ច្បាប់។ ២.សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ចំនួន ១ច្បាប់ ។ ៣.សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំនួន ១ច្បាប ។៤.រូបថត (៤x៦) ចំនួន ២សន្លឹក។ ៥.រូបថតកូន (៤x៦) ចំនួន ២សន្លឹក (ក្នុងម្នាក់) ។ (កូនអាចយកតាមបាន ២នាក់ ដោយត្រូវមានអាយុក្រោម១២ឆ្នាំ។ សំបុត្រព្រំដែននេះអាចឆ្លងចូលទៅកាន់តែក្នុងបរិវេណខេត្តស្រះកែវតែប៉ុណ្ណោះ មិនបាន២ខេត្ត(ស្រះកែវ ប្រាជីនបូរី )ដូចមុននោះឡើយ។ ៦.ត្រូវបង់កម្រៃសេវា ចំនួន ២០ ០០០រៀល(ពីរមឺនរៀល)។
ប័ណ្ណនេះមានសុពលភាព ២ឆ្នាំ ហើយអាចពន្យាបាន២ឆ្នាំទៀត បើប្រើសន្លឹកវាមិនទាន់អស់ក្រោយអស់សុពលភាព២ឆ្នាំនោះ។
ចំណែកលោកអ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យដែលនៅប្រចាំការដឹកនាំការងារនេះ និយាយថា : សម្រាប់ពលរដ្ឋនៅក្រៅខេត្ត បើមានបំណងចង់ធ្វើប័ណ្ណនេះ លុះត្រាតែមកស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យឬខេត្តជាប់ព្រំដែនថៃដទៃទៀត ហើយមានសៀវភៅស្នាក់នៅក្នុងមូលដ្ឋាន។
ជាលទ្ធផល២ថ្ងៃ ថ្ងៃទី២-៣ មករា មកនេះ ការធ្វើប័ណ្ណព្រំដែននៅខេត្តបន្ទាយមានជ័យធ្វើបានពី១០ទៅ៣០នាក់ប៉ុណ្ណោះ ហើយអ្នកដាក់ពាក្យសុំត្រូវរង់ចាំជាច្រើនថ្ងៃទើបបានប័ណ្ណនេះ ។ ពួកពលរដ្ឋនិងពលករបានត្អូញត្អែរពីការលំបាកក្នុងការបំពេញបែបបទច្រើនពេកនិងចំណាយសោហ៊ុយខ្ពស លើការធ្វើដំណើរនិងរយ:ពេលរង់ចាំ។
សូមបញ្ជាក់ថាការសម្រេចផ្ទេរសិទ្ធិធ្វើប័ណ្ណព្រំដែនថ្មីនេះពីនគរបាលអន្តោប្រវេសនន៍នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតឬច្រកដទៃទៀត បន្ទាប់ពីរាជរដ្ឋាភិបាលក្នុងអនុក្រឹត្យលេខ២៧២អនក្រ-បក ស្តីពីប័ណ្ណព្រំដែនកម្ពុជា -ថៃចុះថ្ងៃទី២៨ធ្នូឆ្នាំ២០១៦ និងប្រកាសក្រសួងមហាផ្ទៃក្នុងលិខិតលេខ៤៧៧ប្រក ស្តីពីបែបបទនិងនិតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា -ថៃចុះថ្ងៃទី៦មិថុនាឆ្នាំ២០១៧ ។
អនុវត្តតាមអនុក្រឹត្យ,តាមប្រកាសខាងលើនេះ តទៅ ការធ្វើប័ណ្ណព្រំដែនរដ្ឋបាលខេត្តនឹងត្រូវផ្ទេរពីធ្វើបែបបទនិងនិតិវិធីនេះដោយនគរបាលអន្តោប្រវេសន៍ប៉ុស្តិទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះមកអោយអាជ្ញាធរខេត្តនិងស្រុកក្រុង។
សូមរំលឹកថា ប័ណ្ណព្រំដែន(Border Pass) ជាបែបបទឆ្លងដែនស្របច្បាប់ស្ថិតលំដាប់ទី២ បន្ទាប់ពីលិខិតឆ្លងដែន(Passport) ។ និងនៅលំដាប់លើ សំបុត្រអនុញាតិអោយឆ្លងកាត់តំបន់ព្រំដែន( Laise Pass) (តម្លៃ១.០០០រលឬ១០បាទដែលអាជ្ញាធរថៃនិងកម្ពុជាអនុញ្ញាតិអោយសម្រាប់តែពលរដ្ឋកម្ពុជាឆ្លងចូលតំបន់ព្រំដែន មានផ្សារជាដើមក្នុងរយ:ពេល១ថ្ងៃគឺទៅព្រឹកវិលល្ងាច៕ ដោយ៖បន្ទាយ