លោកអេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិ នៅថ្ងៃទី៨សីហានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៥ និងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំសម្របសម្រួលចុះធ្វើការត្រួតពិនិត្យ និងស្តាប់សេចក្តីរាយការណ៍អំពីការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ តាមបណ្តាខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី។
លោកបានបន្តថា បេសកកម្មរបស់គណៈកម្មការជាតិនាពេលនេះមានគោលដៅសំខាន់ គឺការពារព្រៃឈើដែលនៅសល់ឱ្យគង់វង្ស ពង្រឹងការអនុវត្តច្បាប់ ការពារវិនិយោគទុនស្របច្បាប់ បង្ក្រាបការបំពានច្បាប់។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញជាទិសស្លោកចំនួន៤ “ប្រទេសជាតិត្រូវតែការពារ ប្រជាជនត្រូវតែបម្រើ ទាំងអស់គ្នាគោរពច្បាប់ និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់”។
ជាលទ្ធផលបានរកឃើញនូវបញ្ហាមួយចំនួនដែលបង្កឱ្យមានបទល្មើសព្រៃឈើ ហើយលោកនាយឧត្តមសេនីយ៍ បានដាក់ចេញនូវវិធានការបន្ទាន់ និងការងារបន្តធ្វើដូចខាងក្រោម៖ ១_ពង្រឹងការចេញលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងផលអនុផលព្រៃ ដីសម្បទាននានា ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ អនុវត្តន៍នីតិវិធីត្រឹមត្រូវ។ ២_ពង្រឹងការគ្រប់គ្រងតាមសមត្ថកិច្ចរបស់ខ្លួន។
៣_ត្រូវធ្វើការត្រួតពិនិត្យ ណែនាំក្រុមហ៊ុនឱ្យអនុវត្តន៍តាមកិច្ចសន្យា កិច្ចព្រមព្រៀង និងសហការឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់។ ៤_រួបរួមគ្នាចូលរួមធ្វើការល្បាត ពួនស្ទាក់តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក សំខាន់មន្ត្រីជំនាញទាំង២ រដ្ឋបាលព្រៃឈើ បរិស្ថាន ត្រូវរៀបចំផែនការ ដឹកនាំ អនុវត្តន៍ និងមានការដឹកនាំត្រួតពិនិត្យពីសំណាក់ប្រធានគណៈបញ្ជាការឯកភាព។ ៥_បន្តខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ។ មធ្យោបាយដែលកែច្នៃសម្រាប់តែបំផ្លាញឈើ ត្រូវតែបន្តកម្ទេចចោល រីឯមធ្យោបាយប្រើប្រាស់ជាប្រយោជន៍បានរក្សាទុក និងឈើដែលរឹបអូសការពារកុំឱ្យបាត់បង់ កុំឱ្យឆេះ រក្សាទុករង់ចាំការសម្រេច។
លោកអេង ហ៊ី បានថ្លែងថា ការងារបន្តសុំឱ្យអប់រំផ្សព្វផ្សាយច្បាប់ដល់មន្ត្រីក្រោមឱវាទ។ សុំពង្រឹងជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ ដោយធ្វើផែនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ។ ពេលមានកិច្ចប្រជុំសុំដាក់ខ្លឹសារអំពីព្រៃឈើធ្វើការពិភាក្សា ដាក់ចេញទិសដៅបន្ត។ ត្រូវគ្រប់គ្រងមន្ត្រីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើជាគំរូ៕ដោយ៖កូឡាប