គិតត្រឹមថ្ងៃទី៨ខែសីហាឆ្នាំ២០១៩នេះកម្ពស់ទឹកទន្កេស្រែពក មានកម្រិតកម្ពស់ ១១,៨០ម៉ែត្រ ខណៈដែលកម្រិតប្រកាសអាសន្ន ១២ម៉ែត្រ ។ហើយនៅព្រឹកនេះទឹកអាចឡើងដល់ចំណុចប្រកាសអាសន្នពីព្រោះនៅផ្នែក
ខាងលើទឹកកំពុងបន្តហូរធ្លាក់មកផ្នែកខាងក្រោមបន្តទៀត។
រសៀលថ្ងៃទី០៨ សីហា ឆ្នាំ២០១៩ លោកអភិបាលខេត្តមណ្ឌលរតនគិរីនិងសហការី បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅស្រុកលំផាត់ និងស្រុកកូនមុំ ដែលកំពុងហក់ឡើងគួរឲ្យកត់សម្គាល់។ លោកបានថ្លែងថា វាជាកត្តាធម្មជាតិ ដែលរៀងរាល់ឆ្នាំប្រជាពលរដ្ឋរស់នៅតាមដងទន្លេតែងតែទទួលរងនូវផលប៉ះពាល់ដោយសារការលិចលង់ជាប្រចាំ ទន្ទឹមគ្នានេះបងប្អូនក៏បានត្រៀមមធ្យោបាយសម្រាប់រដូវវស្សារួចជាស្រេច។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត យើងខ្ញុំបានត្រៀមវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋកើតឡើង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ។ សូមអំពាវនាវអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ពង្រឹងបំផុសចលនាស្មារតីសហគមន៍ក្នុងការថែរក្សា ជួសជុលនូវរាល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាតក្នុងកម្រិតតិចតួចអាចជួសជុលបាន។
លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌលរតនគិរីអមដំណើរដោយលោក ចាន់ ប៊ុនធឿនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នាព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតក្នុស្រុកលំផាត់ដែលកំពុងហក់ឡើងគួរអោយព្រួយបារម្ភ។
លោក ចាន់ ប៊ុន ធឿន មានបានអោយដឹងថា រយះពេលប៉ុន្មានថ្ងៃនេះក្នុងខេត្តរតនគិរីមានភ្លៀងធ្លាក់ៗគ្នាជាហេតុបណ្តាលអោយទឹកទន្កេស្រែពកមានហក់ឡើងយ៉ាងខ្លាំង។លោកបន្តថាគិតត្រឹមថ្ងៃទី៨ខែសីហាឆ្នាំ២០១៩នេះកម្ពស់ទឹកទន្កេស្រែពក មានកម្រិតកម្ពស់ ១១,៨០ម៉ែត្រ ខណះដែលកម្រិតប្រកាសអាសន្ន ១២ម៉ែត្រ។ ហើយនៅម៉ោង២រសៀលនេះទឹកអាចឡើងដល់ចំណុចប្រកាសអាសន្នពីព្រោះនៅផ្នែកខាងលើទឹកកំពុងបន្តហូរធ្លាក់មកផ្នែកខាងក្រោមបន្តទៀត។
លោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់បានអោយដឹងផងដែរថា មានឃុំចំនួន៣ ដែលនៅតាមបណ្តោយទន្លេស្រពកគឺឃុំ សេដា ឃុំជ័យឧត្តមនិងឃុំកាឡែង ទាំង៣ឃុំនេះមានភូមិចំនួន៨ ទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកទន្កេស្រែពក។អភិបាលរងស្រុករូបនេះបន្តថា ទឹកបានហូរចាក់ទៅតំបន់ទំនាបចជាហេតុធ្វើអោយស្រែ ចំការ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមភូមិខាងលើមានលិច។តែទោះបីយ៉ាងណាផលដំណាទាំងអស់មិនទាន់ខូចខាតនោះទេពីព្រោះទឹកទើបតែចាប់ផ្តើមលិចព្រឹកមុិញនេះ។លោកបន្តទៀតថា បច្ចុប្បន្នអាជ្ញាធរស្រុកបានធ្វើការណែនាំអោយប្រជាពលរដ្ឋក្នុងស្រុកលំផាត់មានការប្រុងប្រយ័ត្នអោយបានខ្ពស់។ហើយនៅចំពោះមុខនេះឃុំ ភូមិដែលបានលិចប្រជាពលរដ្ឋបាននឹងកំពុងជម្លៀសទ្រព្យសម្បត្តិ និងសត្វពាហនៈទៅទីទួលសុវត្តិភាពបណ្តើៗផងដែរ។
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ផ្ទាល់ទៅលោកឧត្តមសេនីយ៍ត្រី កែវ ចិន្តា ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលផែនវរៈការពារព្រំដែន រួមទាំងលោក មេវរៈការពារព្រំដែនលេខ៣០៣ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនកងកម្លាំងការពាព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកកោះញែក និងស្រុកពេជ្រាដា ដែលកំពុងរងនូវជំនន់ទឹកភ្លៀង នេះបើតាមការឱ្យដឹងពីលោកស្នងការនគរបាលខេត្ត នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។
លោកស្នងការនគរបាលខេត្ត បានបញ្ជាក់បន្ថែមថា កងកម្លាំងនគរបាល ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី កែវ ចិន្តា ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលផែនវរៈការពារព្រំដែន បានចុះទៅដល់ទីស្នាក់ការប៉ុស្តិ៍ផ្ទាល់ រួមមាន៖ ប៉ុស្តិ៍ម្រើច ប៉ុស្តិ៍អូរូ ប៉ុស្តិ៍ក្បាលដំរី បានរងនូវរងនូវជំនន់ទឹកភ្លៀង ដែលមានកម្លាំងការពារព្រំដែនគោកប្រមាណជាង៣០នាក់ ដោយឡែក ប៉ុស្តិ៍ម្រើច កងកម្លាំងនគរបាលការពារព្រំដែន ត្រូវបានជម្លៀសចេញពីប៉ុស្តិ៍ប្រចាំការ រកកន្លែងសុវត្ថិភាព នៅលើទឹកដីប្រទេសវៀតណាម ជាប៉ុណ្តោះអាសន្ន ក្រោយទឹកបានជន់លិចប៉ុស្តិ៍ប្រចាំការ រីឯប៉ុស្តិ៍អូរូ និងប៉ុស្តិ៍ក្បាលដំរី ត្រូវរកទីទួលមានសុវត្ថិភាព នៅទឹកដីកកម្ពុជា។ លោក បន្ថែមទៀតថា នៅចំណុចប៉ុស្តិ៍ដែលរងនូវគ្រោះទឹកជំនន់ទាំងនោះ គឺស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម លាតសន្ធឹងលើស្រុកកោះញែក និងស្រុកពេជ្រាដា កំពុងរងការប៉ះពាល់ពីគ្រោះទឹកជំនន់តាមអូរព្រំដែន និងទឹកទន្លេស្រែពក ក្រោយពេលមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាមក។
នៅល្ងាចថ្ងៃទី០៨ ខែសីហានេះ លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលបានដឹកនាំសមាជិក សមាជិកា និងអនុសាខាស្រុក ចុះទៅជួយអន្តរាគមន៍ និងស្វែងរកទីទួលមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួន ក្នុងស្រុកកោះញែក។ លោក នាយកសាខា បានបន្ថែមថា ក្នុងការចុះពិនិត្យជាក់ស្តែង មានប្រជាពលរដ្ឋរស់នៅភូមិកោះម្យើលក្រោមចំនួន១៤៥គ្រួសារ និងភូមិកោះម្យើលលើចំនួន ១៦២គ្រួសារ ដែលរងគ្រោះជំនន់ទឹកភ្លៀងជាប់ៗគ្នា។ លោក បានបញ្ជាក់បន្ថែមថា រហូតមកដល់ល្ងាចថ្ងៃដដែលនេះ ទឹកហក់ឡើងបន្តិច និងមានភូមិចំនួនពីរទៀត ក្នុងឃុំណងឃិលឹក ស្រុកកោះញែក ទឹកកំពុងតែជន់ឡើងបន្ថែមទៀត៕ ដោយ៖កូឡាប