បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធា និងស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ពលករខ្មែរ ត្រៀមបម្រុងលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ បានចំនួន២៨នាក់ ក្នុងនោះមានស្រី១៥នាក់។
ពលករខ្មែរទាំងនោះត្រូវបានទប់ស្កាត់កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅចំនុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំងនោះ មួយចំនួនមានស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ និងមួយចំនួនមកពីខេត្តបាត់ដំបង។
កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ (ម៉ាឡៃ) បាននាំយកពួកគាត់មកសួរនាំ ជាលទ្ធផលពលករខ្មែរទាំងនោះ បានសារភាពថា ពួកគាត់ត្រូវបានមេខ្យល់នាំយកមករកផ្លូវបម្រុងលួចឆ្លងដែនទៅថៃ តែមិនទាន់បានឆ្លងផង ក៏ត្រូវនគរបាលចុះទប់ស្កាត់និងយកមកអប់រំណែនាំតែម្តង។ ហើយនៅល្ងាចថ្ងៃដដែលនេះ ពលរដ្ឋទាំងនោះត្រូវបានប្រគល់ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ អប់រំណែនាំបន្ត និងចាត់កម្លាំងនគរបាលដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី






