ខេត្តស្វាយរៀងៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាលកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្តឲ្យយុវជន បន្តចូលរួមក្នុងសកម្មភាពសង្គម ដោយសង្កត់ធ្ងន់ថា “យើងទាំងអស់ មកពីប្រភពផ្សេងគ្នា និងអាចមានភាពផ្សេងគ្នា ប៉ុន្តែយើងមាននូវបុព្វហេតុរួមគ្នាមួយ នោះគឺការរួមគ្នាបង្កើតភាពជាគំរូ និងភាពវិជ្ជមានសម្រាប់សង្គមយើង និងសម្រាប់កូនចៅយើងជំនាន់ក្រោយ”។ សកម្មភាពរបស់យើងនាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យើងបាននិងកំពុងធ្វើអ្វី លើសពីប្រយោជន៍ផ្ទាល់ខ្លួន នោះគឺជាប្រយោជន៍សម្រាប់សង្គមយើងទាំងមូល។
លោកបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោក និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងមានការចូលរួមពីគ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល ស.ស.យ.ក ខេត្តស្វាយរៀង សរុបចំនួន១៦១០ នាក់។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ ៧ឆ្នាំចុងក្រោយនេះ អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាព ក្នុងនាមខ្ញុំ ស.ស.យ.ក. ហើយមានកម្លាំងចិត្តធ្វើបន្តទៀតនោះគឺ សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក. យើងបានរីកលូតលាស់ជាបន្តបន្ទាប់។ អរគុណចំពោះសមាជិក សមាជិកា ដែលជ្រើសរើសពាក់ឯកសណ្ឋានមួយនេះ ។ ពេលប្រជាពលរដ្ឋឃើញ Logo របស់យើង គឺមិនដែលផ្សារភ្ជាប់ទៅភាពអវិជ្ជមាននោះទេ ប្រជាពលរដ្ឋតែងតែផ្សារភ្ជាប់ ទៅលើកិច្ចការសង្គម…នេះហើយចំពោះខ្ញុំជាមោទនភាព។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងថា “សកម្មភាពនៃការចូលរួមរបស់ស.ស.យ.ក. ពិតជាបានបង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងដំណើរ ការអភិវឌ្ឍសង្គម ព្រមទាំងសបញ្ជាក់ឲ្យឃើញពីភាពសក្តិសមទៅនឹងតួនាទីជាអ្នកដឹកនាំបន្តវេន។ ជាក់ស្តែងតួនាទីក្នុងជួរថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួន ត្រូវបានផ្តល់អាទិភាពដល់យុវជន ដែលមានភាពសកម្ម ចរិតល្អ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ៕ ដោយ៖វ៉ៃកូ