សុវណ្ណភូមិ ដែលមកពីពាក្យពីរម៉ាត់ គឺ សុវណ្ណ (មាស) និង ភូមិ (ទីដី ផែនដី) មានន័យផែនដីមាស ។ ហើយពាក្យនេះត្រូវបានប្រើក្នុងរជ្ជកាលរបស់ព្រះបាទអសោកក្នុងអម្លុងស.វទី ៣ នៃព.សម្ល៉េះ ដោយសំដៅលើប្រទេសមន នគរចម្ប៉ា នគរភ្នំ (ខ្មែរ) ជ្រោយមលាយូ និងឥណ្ឌូនេស៊ី ដែលស្ថិតក្នុងទ្វីបអាស៊ីភាគអាគ្នេយ៍ ។
ក្នុងស.វទី ៣-១ មុនគ.ស អាស៊ីអាគ្នេយ៍ដែលជារួមមាននគរមន នៅបច្ចុប្បន្នភូមា, ស៊ូមាត្រា ឬម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងតំបន់ទាំងឡាយ ដែលក្រោយមកបន្ដិច ពោលគឺនាដើមសម័យប្រវត្តិសាស្ដ្របានក្លាយទៅជាដែនដីនៃអាណាចក្រដំបូងបង្អស់របស់ជនជាតិខ្មែរ គឺនគរភ្នំ និងចម្ប៉ា បានមានទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌា ។
ជនជាតិឥណ្ឌាដែលមកប្រាស្រ័យទាក់ទងនឹងជនជាតិអាយ បានធ្វើឡើងដោយផ្លូវសមុទ្រតាមរយៈ កំពង់ផែធំៗ និងតាមផ្លូវគោក ។ ហើយដើមហេតុនាំឱ្យមានការបង្កើតរដ្ឋតូចធំនៅអាស៊ីអាគ្នេយ៍ ក៏ដូចនៅឥណ្ឌូនេស៊ី គឺការអនុវត្តនូវហេដ្ឋារចនាសម្ព័ន្ធឥណ្ឌា ។
ភូមិសាស្ដ្រនៃអាស៊ីអាគ្នេយ៍ខាងលើនេះ ត្រូវបានជនជាតិឥណ្ឌាបុរាណកំណត់យ៉ាងច្បាស់លាស់ដោយឱ្យឈ្មោះថា សុវណ្ណភូមិ (ដែនដីមាស) ។ ក្នុងអំឡុងស.វទី ៣ នៃគ.ស តែនៅសម័យនោះពុំទាន់មានប្រទេសថៃ លាវ និងវៀតណាមខាងត្បូងទេ ។ ប្រទេសថ្មីទាំងនោះមុនស.វទី ១៣ និង ១៧ គឺជាភាគមួយនៃចក្រភពកម្ពុជទេស និងនគរចម្ប៉ា ។
រូបភាព ១-២ : កាក់រូបសំពៅអារ៉ាប់ ឈ្មោះដាវ រកឃើញនៅក្លងធំ ដកស្រង់ចេញពី ៖ Art & Culture Magazine, Vol.4, Febr., BE. 2543, Bangkok. និង ផែនទីសុវណ្ណភូមិ (ម.ត ១៩៩៣)
តាមពិតទៅ មិនមែនមានតែជនជាតិឥណ្ឌាតែប៉ុណ្ណោះទេ ដែលបានស្គាល់សុវណ្ណភូមិ សូម្បីតែជនជាតិក្រិច ដូចជាភូមិសាស្ដ្រវិទូ ប្ដ៉ូឡេមេ នាស.វទី ២ និងអគ្គរាជទូតចិន កាំងថៃ នៅស.វទី ៣ ក៏បានស្គាល់យ៉ាងជាក់ច្បាស់ដែរ ។ សម្រាប់ជនជាតិក្រិច គេប្រើពាក្យក្រិច Chersonese រីឯពាក្យចិនវិញ គិនលិន ពាក្យទាំងពីរនេះ សុទ្ធសឹងតែមានន័យដូចពាក្យ សុវណ្ណភូមិ ជាភាសាសំស្ក្រឹតរបស់ឥណ្ឌាដែរ ។
តើជនជាតិឥណ្ឌា និងក្រិចមកកាន់សុវណ្ណភូមិតាមវិធីណា ?
តាមគម្ពីរនិទ្ទេស និងមិលិន្ទបញ្ហា ជាភាសាបាលី កំណត់ហេតុចិន ឬផែនទីរបស់ ប្ដ៉ូឡេមេ យើងដឹងថា នៅអតីតដែនដីមន មានកំពង់ផែសមុទ្រ ៣ គឺតក្កោលៈ តេនសរិម និងវេសុង្គ ហើយនៅជ្រោយមលាយូ មានកំពង់ផែតាំព្រលិង្គ (តាន់ម៉ីលៀនៅលីគោ) នៅជ្រោយក្រាមានតាកូប៉ា (តៀគីវលី) នៅកោះស៊ូម៉ាត្រា មានកំពង់ផែបង្កា, នៅនគរភ្នំមានអូរកែវ ដែលសព្វថ្ងៃនៅវៀតណាមខាងត្បូង តែនាសម័យបុរាណបានលាតសន្ធឹងរហូតដល់ដងទន្លេចៅផាយ៉ា និងជ្រោយមលាយូ ។
ជនជាតិឥណ្ឌាធ្វើដំណើរចេញពីប្រទេសខ្លួនដោយសំពៅទៅកាន់សុវណ្ណភូមិ យើងដឹងថា ពួកគេចេញពីកំពង់ផែកមរៈ ប៉ូឌូកេ សោបត្មៈ និងតម្រសិប្ដិ ឬតាមលុក នៅទន្លេគង្គា ៕ (ម.ត្រាណេ)