ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំ ចំនួន ១០៨រូប។
នាព្រឹកនេះ អង្គប្រជុំបានលើកយករបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំង លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ជ្រើសតាំងដោយរដ្ឋសភា មកធ្វើការបោះឆ្នោតនៅក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦។
សម្ដេចអគ្គមហាពញាចក្រី បានមានប្រសាសន៍ថា ខ្ញុំបានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតំាង លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិថ្មី ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៦ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
សម្តេច បានថ្លែងថា ដោយសារតែពេលនេះ ជាពេលវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភា និងដោយសាររដ្ឋសភាពុំទាន់មានរបៀបវារៈសម្រាប់បន្តសម័យប្រជុំជាវិសាមញ្ញ ខ្ញុំបន្តអំពាវនាវ និងលើកទឹកចិត្ត ដល់សមាជិកសមាជិកាទំាងអស់បន្តចុះបេសកកម្មតាមមណ្ឌលខេត្តទូទំាងប្រទេស ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ ពិសេសសូមចូលរួមដោះស្រាយ ទុក្ខលំបាកប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលនៅក្នុងឱកាសដែលប្រទេសយើង មានខេត្តក្រុងមួយចំនួន បានកំពុងទទួលរងនូវជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតជាដើម។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថាំ ខ្ញុំក៏សូមកោតសរសើរ ដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ពិសេសគណៈកម្មការជំនាញរដ្ឋសភាទំាង១០ ដែលបានចុះសិក្សាស្វែងយល់វិស័យការងារ ដែលគណៈកម្មការរបស់ខ្លួនទទួលបន្ទុក នៅតាមខេត្តក្រុង និងក្រសួងមន្ទីរ មួយរយៈមកនេះ ដើម្បីបំពេញតួនាទី ភារកិច្ចរបស់រដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជំរុញសេវាសាធារណរបស់រដ្ឋឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការរីកចម្រើន ប្រទេសជាតិយើង៕ដោយ៖កូឡាប