ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងទាំងអស់ ត្រូវអនុវត្តឱ្យហ្មត់ចត់ ដើម្បីបញ្ជៀសការដួលសន្លប់ជាយថាហេតុ ដែលបណ្តាលមកពីបរិយាកាសទាំងក្នុង និងក្រៅអគារផលិតកម្ម។
បើតាមក្រសួងការងារ បានដាក់វិធានការដល់រោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវត្រួតពិនិត្យ និងថែទាំងជាប្រចាំនិងបើកឲ្យដំណើរការប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារផលិតកម្មទាំងអស់ ឲ្យបានយ៉ាងហោចណាស់១ម៉ោងមុខពេលអនុញ្ញាតឲ្យកម្មករនិយោជិតចូលបម្រើការងារ។ ត្រូវត្រួតពិនិត្យតាមដានបរិវេណនៅជុំវិញទាំងក្នុងនិងក្រៅអគារសហគ្រាស គ្រឹះស្ថាន ជាប្រចាំជាពិសេសមុនពេលអនុញ្ញាតឲ្យកម្មករចូលធ្វើការ ដើម្បីទប់ស្កាត់និងបង្ការឲ្យបានទាន់ពេលវេលាក្នុងមានការសាយភាយក្លិនសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត ឬសារធាតុដ៏ទៃទៀតចូលក្នុងអគារផលិតកម្ម និងនៅពេលមានការប្រើប្រាស់សារធាតុទាំងនោះនៅក្បែរអការសហគ្រាស គ្រឹះស្ថាន បើកបង្អូច ទ្វារទាំងអស់ ឬបន្ថែមបង្ហារបញ្ចេញខ្យល់ ឬបឹតខ្យល់ចេញ ក្នុងអគារ ត្រូវដាក់ឧបករណ៍វាស់ស្ទង់កំដៅ នៅកន្លែងធ្វើការ ត្រូវពិនិត្យថែទាំងប្រព័ន្ធបង្ការអគ្គិភ័យ ត្រូវរៀបចំឲ្យមានគិលានដ្ឋាននិងមធ្យោបាយសង្គ្រោះបន្ទាន់ប្រចាំក្នុងសហគ្រាស គ្រឹះស្ថាន ជាដើម។
ក្រសួងការងារ នឹងចាត់វិធានការតឹងរ៉ឹងបំផុតទៅតាមច្បាប់ ស្តីពីការងារ និងលិខិតបទដ្ឋាននានដែលមានជាធរមាន ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានដែលប្រព្រឹត្តល្មើសនឹងវិធានការណែនាំនេះ៕ ដោយ៖កូឡាប