តាកែវ ៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ បានមានប្រសាសន៍ថា ការចួលរួមរបស់គ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ក្នុងការជួយពិនិត្យ សុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទ្រាំងខេត្តតាកែវ របស់យើងនៅថ្ងៃនេះ វាជាការបញ្ជាក់ឲ្យឃើញថា មិត្តភាព និងការរាប់អានគ្នា រវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ ពិតជាមានភាពស្និទ្ធស្នាល និងរួមគ្នាជួយលើក កម្ពស់សុខភាពរបស់ប្រជាជន និងវិស័យសុខាភិបាលនៅកម្ពុជាពិតប្រាកដមែន ។
ការថ្លែងទ្បើងបែបនេះ របស់លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិនិត្យសុខភាពសហគមន៍ និងផ្លាស់ប្តូរវប្បធម៌ កម្ពុជា និងកូរ៉េ នៅសាលប្រជុំសាលាស្រុកទ្រាំង ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ថា ការពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ភាគីកូរ៉េ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយសុខុមាលភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សហគមន៍ និងខេត្តរបស់យើង ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត មិនថាអ្នកមានឬអ្នកក្រនោះទេគឺអាចមកធ្វើការពិនិត្យ និងព្យាបាលជំងឺបានដូចគ្នា ជាមួយក្រុមគ្រូពេទ្យមកពីបរទេស មកពីប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ ដោយមិនមានការយកលុយពីបងប្អូនប្រជាពលរដ្ឋនោះទ្បើយ ។
លោក បានបន្តទៀតថា ការពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ជូនបងប្អូននាពេលនេះ មិនត្រឹមតែ ជាការពិនិត្យនិងព្យាបាលជំងឺតែប៉ុណ្ណោះទេ តែវាក៏ជាឱកាសមួយ ក្នុងការយល់ដឹងបន្ថែម អំពីការរស់នៅ ប្រកបដោយអនាម័យនិងផាសុកភាព ក្នុងក្រុមគ្រួសារ សហគមន៍របស់យើង ពីក្រុមគ្រូពេទ្យកូរ៉េទៀតផង ។ ហើយម្យ៉ាងទៀតនោះ យើងក៏បានផ្លាស់ប្តូរវប្បធម៌ចំណេះដឹងមួយចំនួន សម្រាប់ក្រុមគ្រូពេទ្យនៃប្រទេសទាំង២ កម្ពុជា កូរ៉េ ទៅវិញទៅមកផងដែរ ។
ថ្លែងក្នុងកម្មវិធីនោះផងដែរ លោក OH Nak-Young ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានលើកឡើងថា នេះជាលើកទីមួយ ដែលសមាគមគ្រូពេទ្យស័្មគ្រចិត្តនៃសាធារណរដ្ឋកូរ៉េសម្រាប់ការងារសង្គម បានមកប្រទេសកម្ពុជាផ្តល់ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ។ ហើយការពិនិត្យសុខភាពនេះដែរ គឺមិនត្រឹមតែជួយព្យាបាលជំងឺឲ្យប្រជាពលរដ្ឋនៅស្រុកទ្រាំងនោះទេ ថែមទាំងបានចូលរួមចំណែកផ្តល់ការអប់រំស្តីពីអនាម័យមាត់ ធ្មេញ និងការលាងសម្អាតដៃ ព្រមទាំងសកម្មភាពវប្បធម៌មួយចំនួនដូចជាការ គូសមុខ បិតមុខ លាបក្រចក និងថតរូបផងដែរ ៕ដោយ៖ តាកែវ