ការបណ្តែតបណ្តោយឲ្យយឺតពេលទៅសាលា ឬ ធ្វើការ វាពុំមែនជារឿងល្អ ហើយវាតែងកើតឡើងចំពោះយើងទាំងអស់គ្នា ប៉ុន្តែ ក៏គ្មាននរណាម្នាក់ធ្វើបានល្អឥតខ្ចោះនោះដែរ ។ ទោះយ៉ាងណា ការតែងបង្កើតឡើងនូវវត្តមានយឺតម៉ោង គឺជាបញ្ហាមួយ ដែលយើងគួរបញ្ឈប់ការដោះសារ ។ ពិតណាស់ ការធ្វើឲ្យយឺតម៉ោងធ្វើការ ជាហេតុធ្វើឲ្យថៅកែរបស់អ្នកមួម៉ៅ ឬ ទ្រាំពុំបានរហូតបណ្តេញអ្នកចេញពីការងារ ។ តែយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្ម«យឺតម៉ោងធ្វើការ» ចំពោះបុគ្គលិកស្រីម្នាក់នេះ វាជារឿងមួយដ៏ជ្រុលហួសហេតុបំផុត ដែលរហូតធ្វើឲ្យនាងត្រូវបាត់បង់ជីវិត បន្ទាប់រងការធ្វើបាបផ្លូវកាយច្រើនថ្ងៃមក ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីម្នាក់ឈ្មោះ Xiao Fei អាយុ ១៥ ឆ្នាំ បានសម្រេចបោះបង់ការសិក្សា និងខ្ចីកាត (ID) របស់មិត្តភក្តិចាស់ម្នាក់ ដើម្បីដាក់ពាក្យធ្វើការងារនៅ Qfang (ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសចិន) ។ ជាក់ស្តែង នាងត្រូវការលុយដើម្បីបង់ថ្លៃវិក័យបត្រពេទ្យព្យាបាលឪពុករបស់នាង ។ ហេតុនេះ វាជាវិធីតែមួយគត់ដែលនាងត្រូវធ្វើបែបនេះ ។
ប៉ុន្តែ នៅពេលនាងទៅធ្វើការយឺតម៉ោង ថៅកែរបស់នាងបានដាក់ពិន័យនាងឲ្យធ្វើអង្គុយច្រហោងចុះឡើងៗ ១០០ ដង ឥតឈប់ ។ Xiao Fei មិនយូរប៉ុន្មានបន្ទាប់រងការដាក់ទណ្ឌកម្ម ក៏បានធ្លាក់ខ្លួនឈឺ ។ នាងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Xiangya No 2 និងត្រូវបានគេរាយការណ៍ថា នាងបានស្លាប់នៅថ្ងៃទី៧ ខែកក្កដា ។ នាងពុំអាចកម្រើកជើងអស់រយៈពេលជាច្រើនថ្ងៃ ហើយនាងត្រូវបានគេនិយាយថា ស្លាប់ដោយសារជំងឺផ្លូវដង្ហើម ។
លោក Jiang ឪពុករបស់ Xiao បានទទួលថា កូនស្រីរបស់គាត់ត្រូវបានគេដាក់ទណ្ឌកម្ម ដោយសារមកធ្វើការយឺតម៉ោងនៅចុងខែកក្កដា និងនិយាយថា ថៅកែរបស់នាងបង្ខំឲ្យនាងធ្វើ Squat ចំនួន ១០០ ដង នៅពេលព្រឹក ។ នេះជារឿងដ៏សាហាវ និងខ្លោចចិត្តមួយ ដែលយើងពុំធ្លាប់ឃើញ ៕ ចន្ទី