ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៩នេះ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។ នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូត របស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកហ៊ីដេហ៊ីហ្សា បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកនឹងចាកចេញពីរាជធានីភ្នំពេញនៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។ លោកបានសម្តែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលលោកបានសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះលោកបានសូមគោរពសម្តែងនូវការគោរព និងកោតសរសើរ ដល់វីរភាពនៃការដឹកនាំរបស់សម្ដេចតេជោ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក ហ៊ីដេហ៊ីហ្សា ចំពោះកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកនេះ។ សម្ដេចបានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះសោតគឺទទួលបានអំពីការប្រឹងប្រែងរបស់ លោកអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផល នៃការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ , ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។
ដោយឡែកនៅឆ្នាំ ២០១៨កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក នេះគឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះសម្ដេចតេជោបានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មី របស់លោកទៅកាន់ប្រទេសហូឡង់ បានទទួលជោគជ័យបន្តទៀត៕ដោយ៖កូឡាប