ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានបេ្តជ្ញាចិត្តពង្រីកសកម្មភាពមនុស្សធម៌ របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់កិច្ច អន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះនានាឲ្យបានទាន់ពេវេលា។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងក្នុងពិធី ប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ខែសីហានេះថា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដោយខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌ ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យ មនុស្សធម៌តាមរយៈ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះ ។
លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា កិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះ ក្នុងន័យជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពប្រសើរឡើង ។
លោកបន្តថា ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា ព្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ព្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរជាដើម ស្របតាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា បានសម្តែងការ កោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដែលបានបំពេញបេសកកម្មភាព មនុស្សក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះ។ លោកស្រីបានថ្លែងថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខា ថ្នាក់រាជធានីរហូតដល់សហគមន៍ដ៏រឹងមាំនេះ បានផ្តល់សេវាត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្ត រាយនឹងជួយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះនិងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព ហើយទាន់ពេលវេលា។ លោកស្រី បានសង្កត់ធ្ងន់ថា ការងារមនុស្សធម៌ ជាការងារដ៏ធំធេងធ្ងន់ធ្ងរ តែវាឧត្តុង្គឧត្តមណាស់មិនអាចតួអង្គណាម្នាក់ ស្ថាប័នណាមួយឬប្រទេសណាមួយ អាចសម្រេចកិច្ច ការនេះតែឯកឯងបានឡើយ។ ដូច្នេះចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការជួយឧបត្ថម្ភគាំទ្រពីសម្បុរជនជាតិអន្តរជាតិនានាបន្ថែមទៀត ដើម្បីឲ្យស្ថាប័ន្ថមនុស្សធម៌មួយនេះកាន់តែបំពេញ បាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនានានៅក្នុងសង្គម។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានសម្រេចតែងតំាង លោកជិន ប៊ុនធឿន ជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ ជនរងគ្រោះឲ្យបានទាន់ពេលវេលា។
លោកជិន ប៊ុនធឿន បានអះអាងថា ជាសក្ខីភាពឆ្លើយតបចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា
រាជធានីភ្នំពេញ ខ្ញុំបាទជានាយកសាខា ទើបទទួលការតែងតាំងថ្មី សូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំគណៈ កិត្តិយសគណៈកម្មាធិការ
សាខា ពិសេសអនុសាសន៍ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ
ក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ ។ រក្សាសាមគ្គីភាពក្នុងជួរក្រុមប្រតិបត្តិសាខា និងទទួលយកនូវការតម្រងទិសពីគណៈកម្មាធិការសាខាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជាមាន វិស័យស្នូល៤ គឺការ
គ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ
និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន ជាដើម៕ ដោយ៖កូឡាប