ភ្នំពេញ៖ ប្រឡាយទួលពង្រ នឹងចាប់ផ្ដើមស្ដារនាពេលឆាប់ៗនេះខាងមុខនេះ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ ពិសេសនៅតំបន់សាលាក្ដីខ្មែរក្រហម ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
ការបង្ហាញពីយុទ្ធសាស្ត្រនៃការរំដោះជំនន់ទឹកភ្លៀងនៅភាគខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រឡាយទួលពង្រ កាលពីរសៀល ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ជាលទ្ធផលអង្គប្រជុំនោះគឺបានសម្រេចអោយមានការរៀបចំការងារស្ដារប្រឡាយទួលពង្រទី១ ទួលពង្រទី២ ដើម្បីរំដោះទឹក ពីតំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រនិងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ។ ការសិក្សាបច្ចេកទេសបន្ថែម ដើម្បីដាក់លូប្រអប់តភ្ជាប់ពីផ្លូវជាតិលេខ៣ដល់ប្រឡាយទួលពង្រទី២។
ក្រោយកិច្ចប្រជុំនោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីចុះហត្ថលេខាប្រគល់-ទទួល ការទទួលខុសត្រូវគ្រប់គ្រងសួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យ ជូនរដ្ឋបាលខណ្ឌដូនពេញ ដើម្បីគ្រប់គ្រងបន្តផងដែរ។
គួរបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវជាតិលេខ៤ពិសេស តំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងតំបន់ក្បែរៗនោះ កាលពីរដូវវស្សាកន្លងមកនេះ បានទទួលរងការលិចដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង និងបានបណ្តាលអោយមានការកកស្ទះចរាចរណ៍ជាប្រចាំផងដែរ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ហើយកាលណោះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងក៏បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះត្រួតពិនិត្យ ដើម្បីរកច្រកដោះស្រាយភ្លាមៗដែរ ។ ដោយមើលឃើញពីបញ្ហាប្រឈមខាងលើនេះទើបរដ្ឋបាលរាជធានីភ្នំពេញដាក់ចេញជាគម្រោងស្ថាបនាប្រឡាយទួលពង្រ នេះតែម្តង ។ ក្រោយពីកម្រោងនេះត្រូវបានស្ថាបនាបញ្ចប់ នៅរដូវវស្សាឆ្នាំក្រោយនឹងអាចដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ៕ ដោយ៖កូឡាប