ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ នេះបើតាមតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ សីហា ២០១៩។
មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ប្រមាណ២ម៉ឺននាក់ និងគរុសិស្ស-និស្សិតជាជំនួយការអប្បមាទជិត ២ ៥០០ នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាង ២ ០០០ នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងប្រជាការពារប្រមាណ ១០ ០០០ នាក់ មន្ត្រីសុខាភិបាលប្រចាំមណ្ឌលប្រឡងនិងមូលដ្ឋានសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងឡាយ។ ទោះបីអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនក្ដៅខ្លាំង និងមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ០២ ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន ០១ ករណី និងនាំសំណៅឯកសារចូលមាន ០១ ករណី។ ដោយឡែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៥២ ករណី បន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រឡងទៀតបាន លើកលែង ១១ ករណី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ពុំអាចត្រឡប់មកបន្តការប្រឡងបាន។
តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតែមួយគត់របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៖ ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ។
សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង ត្រូវបានវេចខ្ចប់ និងចុះហត្ថលេខា ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។
ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕ ដោយ៖កូឡាប