នាយករដ្ឋមន្ត្រីជប៉ុន ហ្សីនហ្សូ អាប៊េ (Shinzo Abe) បាននិយាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងនៅតែធ្វើសកម្មភាពបង្ករឿងដដែល ដែលមិនអាចទទួលយកបាន ហើយលោកប្រកាសថា លោកនឹងធ្វើកិច្ចការជាមួយនឹងសហគមន៏អន្តរជាតិដើម្បីប្រឆាំងតបតនឹងការអភិវឌ្ឍន៏កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបនេះ។
លោកអាប៊េ ថ្លែងនៅក្នុងសន្និសិតសារព៌តមានសំរាប់ឆ្នាំថ្មីថា “វាមិនមែនជាការបំផ្លើសទេ ដែលយើងនិយាយថា បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុនគឺកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ខ្លាំងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មកម្លេះ”។
លោកបន្តដូច្នេះទៀតថា “តាមរយៈការដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ជាមួយនឹងសហគមន៏អន្តរជាតិ ខ្ញុំមានមានបំណងប្រឹងប្រែងឲ្យខ្លាំងបំផុតដើម្បីដោះស្រាយបញ្ហាមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង”។
សូមរំលឹកផងដែរថា មេដឹកនាំកូរ៉េខាងជើងបានប្រកាសនៅក្នុងការថ្លែងសារសំរាប់ឆ្នាំថ្មីនេះថា កូរ៉េខាងជើងនឹងផ្តោតសំខាន់បន្ថែមទៀតលើការអភិវឌ្ឍន៏កម្មវិធីអាវុធរបស់ខ្លួន។
ចំនែកអ្នកជំនាញវិញ បានធ្វើការព្យាករណ៏ថា កូរ៉េខាងជើងនឹងធ្វើការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ៕ សុភ័ក្ត្រ