Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​វៀតណាម រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​វៀតណាម​

​ភ្នំពេញ ​៖ ​ក្នុងឱកាស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​វៀតណាម​ ​សម្ដេច បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​វៀតណាម រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​វៀតណាម នៅពេលដែល ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្ដេច ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ជា​ឱកាស​នៃ​ការ​កៀរគរ​អ្នកវិនិយោគ​វៀតណាម មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Binh Minh ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស នៃ​ប្រទេស​វៀតណាម​។

​នៅក្នុង​ជំនួប​នោះ លោក Binh Minh បាន​ថ្លែង​ពី​ដំណើរ​អញ្ជើញ​របស់លោក មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​កម្ពុជា និង​វៀតណាម​លើក​ទី​១៧ ដែល​រៀបចំឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ សីហា​ខាងមុខនេះ ហើយ​កិច្ចប្រជុំ​នេះ នឹង​ដឹកនាំ​រួមគ្នា​រវាង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការបទេស​នៃ​ប្រទេស​ទាំងពីរ គឺ​លោក ប្រាក់ សុខុន និង​ឯកឧត្តម Binh Minh​។

​ក្នុងជំនួប​រសៀល​មួយ​នេះ គឺមាន​ការផ្លាស់ប្ដូរ​ម​តិ​មួយចំនួន ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន បានផ្ដល់​អនុសាសន៍​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា ឲ្យ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​នៅ​ថ្ងៃទី​២១​សីហា​នេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​មាន​ខ្លឹមសារ​។ ដោយ​ឈរលើ​គោលការណ៍ នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​ផង និង​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​យើង​ទាំងពីរ​ដែលមាន​ពីមុន​កន្លងមកនេះ​ផង​។​

​ក្នុងជំនួប​នេះ អ្វីដែល​សំខាន់​ ៖ ​ទី​១)​ផ្តោតទៅលើ​ការត្រៀម​រៀបចំ នូវ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​វៀតណាម អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៩​ខាងមុខនេះ ។ ​ទី​២)​ធ្វើយ៉ាងណា​គណៈកម្មការ​ចម្រុះ​នេះ នឹង​ពិភាក្សា​ការងារ​ជម្រុញ នូវ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី គ្រប់​វិស័យ​ជាពិសេស​ការត្រៀម នៃ​ការចុះហត្ថលេខា​ទៅលើ កិច្ចព្រមព្រៀង​លើ​ការងារ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ដោយសារ​បច្ចុប្បន្ននេះ កិច្ចការងារ​ព្រំដែន​នេះ គឺ​បានបញ្ចប់​ប្រមាណ​ជា​៨៤%​ហើយ សល់​ប្រមាណ​ជា​១៦% ភាគរយ​ទៀត​ទេ ដែល​គណៈកម្មការ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​នឹង បន្តធ្វើ​កិច្ចការងារ​នេះ​ជា​បន្តទៀត​។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​ជំរុញ​ការងារ​នេះ ជាពិសេស​លើ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​វៀតណាម រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​វៀតណាម នៅពេលដែល​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច ទៅកាន់​ប្រទេស​វៀតណាម​អំឡុង ខែកញ្ញា​ខាងមុខនេះ ដើម្បី​ជា​ឱកាស​នៃ​ការ​កៀរគរ អ្នកវិនិយោគ​វៀតណាម មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​អំពី​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មានការ​កើនឡើង​ថែមទៀត​ផងដែរ​។

​ក្នុងជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​វៀតណាម ក៏បាន​មើលឃើញ​សមិទ្ធផល ក៏ដូចជា​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី ជាពិសេស​វិស័យសេដ្ឋកិច្ច និង​ការរីកដុះដាល​នៃ​វិស័យ​សំណង់​ ​ដែលមាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នេះ​។ លើសពីនេះទៅទៀត លោក​ក៏បាន​ជូនពរ​ឱ្យ​ដំណើរ​ទស្សនកិច្ច របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​វៀតណាម​ខាងមុខ ទទួលបាន​នូវ​ភាពជោគជ័យ ហើយ​លោក នឹងធ្វើ​ការងារ​នោះ​ផ្ទាល់ ជាមួយនឹង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់ សម្ដេច​តេ​ជោ ទទួលបាន​នូវ​ភាពជោគជ័យ​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

×