ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម បានថ្លែងអំណរគុណចំពោះ EU ដែលបានផ្តល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជា សម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា EU នឹងចូលរួមអភិវឌ្ឍកម្ពុជាជាបន្តទៀត។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីបិទបញ្ចប់កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ” និងពិធីប្រកាសដាក់ឲ្យអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍វិស័យជលផល ដែលកម្មវិធីទាំងពីរបានទទួលជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU)។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោករដ្ឋមន្ត្រី វេង សាខុន និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។
លោក Geoge Edgar បានមានប្រសាសន៍ថា ក្នុងនាមដៃគូអភិវឌ្ឍរយ:ពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃើញសមិទ្ធផលដ៏មានតម្លៃជាច្រើន កើតចេញពីកម្មវិធីខាងលើ ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផល និងផលិតកម្មសត្វ ដោយបានផ្តល់ប្រយោជន៍ដោយត្រង់ឲ្យទៅកសិករខ្នាតតូចនៅទូទាំងប្រទេស។ លោកសង្ឃឹម និងជឿជាក់ថា ជំនួយហិរញ្ញវត្ថុនេះ នឹងជួយក្រសួង ដៃគូអភិវឌ្ឍ ភាគីពាក់ព័ន្ធ និងជា ពិសេសសហគមន៍នេសាទ ក្នុងការសហការគ្នាយ៉ាងសកម្ម ហ្មត់ចត់ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានជនផលទាំងទឹកសាប និងសមុទ្រឲ្យកាន់តែមានប្រសិទ្ធភាព ផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍កាន់តែប្រសើរឡើង ហើយខ្លួនលោកផ្ទាល់ ក៏ដូចជា EU ចង់ឃើញប្រជាពលរដ្ឋកម្ពុជា ទទួលបានប្រយោជន៍ ពីកម្មវិធីនេះ ដោយស្មើភាពគ្នា តម្លាភាព ចីរភាព និងនិរន្តរភាពនៃធនធានធម្មជាតិបឹងទន្លេសាប និងសមុទ្រដ៏មានតម្លៃរបស់កម្ពុជា។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានរំលឹកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិ នៃកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់ EU សម្រាប់អភិវឌ្ឍវិស័យកសិកម្មចាប់ពីឆ្នាំ១៩៩៣ ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម ១-គម្រោងទី១ “ការស្តារឡើងវិញវិស័យកសិកម្មនៅកម្ពុជា-ប្រាសាក់ PRASAC ថវិកា ៨០ លានអឺរ៉ូ សម្រាប់ ៨ឆ្នាំ(១៩៩៥-២០០៣) ហើយកម្មវិធីឥណទានរបស់គម្រោងនេះ បានបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ កំពុងដំណើរការមកទល់បច្ចុប្បន្ន។ ២-គម្រោងទី២ “ការចិញ្ចឹមសត្វខ្នាតតូច Cambodia Smallholder Livestock Production Project, SLPP” ថវិកា ៥លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៥- ២០១០)។ ៣-គម្រោងទី៣ “ការស្តារឡើងវិញ លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅបណ្តាខេត្តនៃតំបន់ពាយ័ព្យហៅកាត់ថាអេកូសន” (Economic and Social Relaunch of Northwest Provinces, ECOSORN) ២០លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៦-២០១០)។ ៤-គម្រោងទី៤ “សន្តិសុខស្បៀង EU Food Facility Project” ថវិកា ១១លានអឺរ៉ូ សម្រាប់ ១ឆ្នាំ(២០១០-២០១១) នៅខេត្តគោលដៅចំនួន១០។ ៥-គម្រោងទី៥ “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ” ដែលយើងកំពុងរៀបចំបិទបញ្ចប់នាពេលនេះ EU បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២០លានអឺរ៉ូ និងរាជរដ្ឋាភិបាលចំនួន៦លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០១៤-២០១៨)។
ក្រៅពីនេះ EU បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យ អាទិភាពផ្សេងៗទៀតជាច្រើន ស្របទៅតាមកម្មវិធីកំណែទម្រង់ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាអាទិ៍ ការប្រែប្រួលអាកាសធាតុ កម្មវិធី REDD ជំរឿនកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស។ល។ ទាំងអស់នេះ ក្នុងទិសដៅតែមួយ គឺចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់ បន្ថយភាពក្រីក្រ។ សមិទ្ធផលដ៏មានតម្លៃដែលយើងសម្រេចបាននាថ្ងៃនេះ ប្រាកដជាបានមកដោយការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ សហការពេញលេញ និងសម្របសម្រួលដោះស្រាយបញ្ហាបានទាន់ពេលវេលា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបំណងកែលម្អចំណុចខ្វះខាត បំពេញបង្រ្គប់នូវធាតុចូលសំខាន់ៗ ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក ដើម្បីទទួលបានប្រយោជន៍ជាអតិបរមាជូនដល់ប្រជា ពលរដ្ឋដែលជាអ្នកទទួលផលជាក់ស្តែង។ សមិទ្ធផលដ៏ធំធេងនេះ ក៏មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងសហការពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងការចូលរួមពេញ លេញពីអ្នកទទួលផល មន្ទីរពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍កសិកម្មប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព។
ដោយឡែក កម្មវិធីថ្មី ២ទៀត គឺទី១ “ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)” ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU និង AFD នៅថ្ងៃទី២៧/១១/២០១៧ សម្រាប់ ៦ឆ្នាំ(២០១៨-២០ ២៣) ថវិកា ៣៥លានអឺរ៉ូ(EU ៣០ និង AFD ៥) និងទី២ គឺ “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា ៨៧ លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU នៅថ្ងៃទី០១/៧/២០១៩ សម្រាប់ ៥ឆ្នាំ(២០១៩-២០២៣)។ សរុបថវិកាហិរញ្ញប្បទានដែលជាជំនួយឥតសំណងរបស់ EU សរុប ១២២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ(២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចឲ្យបាននូវការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ទាក់ទងនឹងការអនុវត្តកម្មវិធី លោករដ្ឋមន្រ្តី ណែនាំដល់មន្រ្តីអនុវត្តន៍គម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្មទាំងអស់ ដើម្បីអនុវត្តន៍គម្រោងកម្មវិធីនេះ ឲ្យរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ទទួលខុសត្រូវខ្ពស់ ឲ្យសម្រេចបានជោគជ័យ ទៅតាមការរំពឹងទុក និងជាពិសេសនោះ គឺសម្រេចគោលដៅថ្នាក់ជាតិ ស្តីពីកិច្ចការពារបរិស្ថានជលផល ការអភិរក្សជីវៈចម្រុះ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម អភិបាលកិច្ច និងការកាត់បន្ថយភាពក្រីក្រដែលមានចែងក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីវិស័យជលផល ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ផែនការសកម្មភាពអភិបាលកិច្ច និងយុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាអនេកជូនចំពោះ EU ដែលបានផ្តល់ការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍន៍កម្ពុជាចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា EU នឹងចូលរួមអភិវឌ្ឍកម្ពុជាជាបន្តទៀត សំដៅប្រែក្លាយប្រទេសនេះ ឲ្យទៅជាប្រទេសមួយមានភាពជឿនលឿន ប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕ ដោយ៖បញ្ញាស័ក្តិ