រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំវាយតម្លៃដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ក្រោមការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្តទាំង២៥ ក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះ លោកបណ្ឌិតបានថ្លែងអំណរគុណ សម្រាប់ការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល គរុសិស្សតាមសាលាគរុកោសល្យរាជធានីខេត្ត និងអ្នកពាក់ព័ន្ធទាំងឡាយ ព្រមទាំងស្នើបន្តការចូលរួមសហការជាបន្តទៀត ហើយកង្វះខាតមួយចំនួន ក្រសួងនឹងស្វែងរកដំណោះស្រាយ ដើម្បីធ្វើឱ្យដំណើរការឆ្នាំក្រោយកាន់តែប្រសើរ។
ក្នុងឱកាសនោះ កិច្ចប្រជុំក៏បានណែនាំបច្ចេកទេស អំពីដំណើរការកំណែ ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែក ដោយស្នើសុំឱ្យប្រធានមណ្ឌលកំណែគ្រប់មុខវិជ្ជា អនុវត្តន៍តាមគោលការណ៍ ព្រមទាំងណែនាំដល់គណៈកម្មការកំណែ ព្រមទាំងធ្វើការហាមឃាត់ចំពោះការប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនក្នុងពេលបំពេញភារកិច្ច។
គូសបញ្ជាក់ថា គណ:កម្មការអប្បមាទទូទាំងប្រទេសនឹងប្រគល់ដុំកិច្ចការបេក្ខជនជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលនៅថ្ងៃស្អែកនេះ ដើម្បីដឹកទៅកាន់មណ្ឌលកំណែទាំង១០ និងចាប់ផ្ដើមការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់ជាបន្តទៀត។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំ យុវជន និងកីឡា ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើការស្មិងស្មាធិ៍ មុនដំណើរការកិច្ចប្រជុំបូកសរុបដំណើរការសំណេររយៈពេល២ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក គង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី១ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង ដែលទទួលមរណភាពដោយរោគាពាធ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា មានក្តីរន្ធត់ក្តុកក្តួល និងក្តីសោកស្តាយយ៉ាងក្រៃលែង ដោយទទួលដំណឹងដ៏អកុសល បំផុត ពីមរណភាពនេះ និងសូមបួងសួងជូនដល់វិញ្ញាណក្ខន្ធគរុសិស្ស គង់ និវឌ្ឍ បានទៅសោយសុខក្នុងសុខគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖កូឡាប