Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាព​រីកចម្រើន របស់​ប្រទេស​កម្ពុជា ក៏មាន​ការចូលរួម​ពី​ប្រទេស​ជប៉ុន​

​ភ្នំពេញ ​៖ ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ អនុរដ្ឋមន្ត្រី​ការបរទេស នៃ​ប្រទេស​ជប៉ុន សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កន្លងមកនេះ ប្រទេស​ជប៉ុន ជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ច្រើន មកដល់​ប្រទេស​កម្ពុជា ហើ​យថាភាព​រីកចម្រើន របស់​ប្រទេស​កម្ពុជា ក៏មាន​ការចូលរួម​ពី​ប្រទេស​ជប៉ុន យ៉ាងច្រើន​ផងដែរ​។​

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Norikazu Suzuki អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជប៉ុន​។

​នៅក្នុង​ជំនួប​នោះ លោក Norikazu Suzuki ​បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី​បន្ត​ការពង្រីក និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​។ លោក​បាន​ថ្លែងថា ដោយសារតែ​លោក​ត្រូវបានតែងតាំង​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​កាលពី​ឆ្នាំទៅ លោក​ក៏បាន​ចំណាយ​ពេលវេលា​ជាច្រើន​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ផងដែរ មកកាន់​ប្រទេស​កម្ពុជា​។

​ក្នុងជំនួប​នោះ លោក​បានលើកឡើង​នូវ​ការងារ​មួយចំនួន​ជាពិសេស​ទាក់ទង​ទៅនឹង​គម្រោង​ជប៉ុន​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​កន្លងមក ដូចជា​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ គម្រោង​អភិវឌ្ឍន៍​ចក្រ​ក្នុង​រាជធានី​ភ្នំពេញ រួមទាំង​គម្រោង​នៃ​ការជួសជុល​ប្រាសាទ​ផងដែរ ជាពិសេស​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ មានដូចជា​ស្ពាន ផ្លូវ​នេះ​ជាដើម​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ទៅដល់ លោក អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ក៏ដូចជា​ប្រទេស​ជប៉ុន​ដែល​កន្លងមក​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​តាំងពី​ដំណើរការ​នៃ​ការស្វែងរក​សន្តិភាព ហើយ​កន្លងមកនេះ​ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ច្រើន​មកដល់​ប្រទេស​កម្ពុជា ហើ​យថាភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក៏មាន​ការចូលរួម​ពី​ប្រទេស​ជប៉ុន​យ៉ាងច្រើន​ផងដែរ​ទៅលើ​វិស័យ​ផ្សេងៗ​។​

សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា មាន​កត្តា​ពីរ​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ទី​១​គឺ​កត្តា​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​កត្តា​ទាំងពីរ​នេះ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មួយ​មានការ​អភិវឌ្ឍ​រីកចម្រើន​។

​សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ពី​ការធ្វើកំណែទម្រង់​របស់​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ហើយ​កំណែទម្រង់​ទាំងអស់នោះ​ធ្វើអោយ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​តាមរយៈ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ទៅដល់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន Abe Shinzo និង​បាន​អបអរសាទរ​ដែល​គាត់​បាន​​ឈ្នះឆ្នោត​ជា​បន្តទៀត​នោះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​អំពី​ពាក់ព័ន្ធ​ទៅនឹង​ជំនួយ​របស់​ប្រទេស​ជប៉ុន គឺ​មិន​ត្រឹមតែ​ការកសាង​អភិវឌ្ឍ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៥ នោះទេ ថែមទាំង​បាន​ចូលរួម​ការអភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ផងដែរ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បម្រើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មរ​បស់​ប្រទេស​កម្ពុជា ។ លើសពីនេះទៅទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អំពី​វិស័យ​ធនធានមនុស្ស​ជាពិសេស​ការផ្លាស់ប្ដូរ​រ​វាង​ប្រជាជន និង​ប្រជាជន ដោយ​សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់ថា ក្រៅពី​ជំនួយ​កម្ចីសម្បទាន​នោះ ជប៉ុន​ក៏​បង្កើន​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ក្នុងនោះ​ចំនួន​ភ្ញៀវទេសចរ​ជប៉ុន​ក៏មាន​ចំនួន​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​កើន​ឡើងជា​លំដាប់​ផងដែរ​។ ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង​ភ្នំពេញ កន្លងទៅនេះ​ជប៉ុន​បានធ្វើ​ការសិក្សា​ក្នុង​ការរក​ដំណោះស្រាយ ពី​ការដឹកជញ្ជូន ដែល​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ គឺ​កើតមាន​ការកកស្ទះ​ចរាចរណ៍ ដូច្នេះ​សម្ដេច​តេ​ជោ​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មក​មក​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​អោយ​ឆាប់​ដើម្បី​បម្រើ​សេចក្តីត្រូវការ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែ​មាន​ភាព​ងាយ​ភាពល្អប្រសើរ​៕​ ដោយ​៖​កូ​ឡាប

×