ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានអរគុណដល់ដៃគូអភិវឌ្ឍន៍ ដែលតែងតែបន្ត
ផ្តល់គាំទ្រ និង ជួយជ្រោមជ្រែង ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ ។ កម្ពុជាត្រូវការការគាំទ្របន្តបន្ថែមទៀត ពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍សម្រាប់បោះជំហានទៅមុខកាន់តែរឹងមាំ និងស្វាហាប់ក្នុងការងារកែទម្រង់ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស), បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program – Technical Working Group “PFM-TWG”) របស់ដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យលើ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣, ប្រចាំត្រីមាសទី ១ និងទី ២ ឆ្នាំ២០១៩” ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដូចជា សហភាពអឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, សមភាគីបារាំង និងតំណាងដៃគូជាច្រើនទៀត, នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នៅក្នុងត្រីមាសទី
១ និងត្រីមាសទី ២ ឆ្នាំ ២០១៩ បានបង្ហាញថា នៅក្នុងផ្នែក “ភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ, និង
ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ សម្រេចបានលទ្ធផល “ល្អ” ។ នៅក្នុងផ្នែក “ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ និងការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យ និងចីរភាព” សម្រេចបានលទ្ធផល“ល្អប្រសើរ ។ សំខាន់ជាងនេះទៀត គឺការទទួលបានការអនុម័តពីរាជរដ្ឋាភិបាលលើយុទ្ធសាស្ត្រ ធំបីគឺ ៖ “យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩ -២០២៣ “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩ -២០២៥។ និង ” យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩ -២០២៥” ។
ជាមួយគ្នានេះ, តំណាងដៃគូអភិវឌ្ឍន៍ ក៏បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុង
ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នៅក្នុងត្រីមាសទី ១ និងត្រីមាសទី ២
ឆ្នាំ ២០១៩ នេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការកៀរគរចំណូលក្នុងស្រុកនៅក្នុង ឆមាសទី១ ឆ្នាំ២០១៩
, ការដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការភ្ជាប់ផែនការលទ្ធកម្មជាមួយនឹង សំណើសុំថវិកាប្រចាំឆ្នាំ, ការ
អនុវត្តសាកល្បងក្របខ័ណ្ឌថវិការយៈពេលមធ្យម និងការប្រកាសដាក់ឱ្យអនុវត្តនូវតម្រោង FMIS ទៅដល់ក្រសួង
ស្ថាប័នចំនួន ១៧ ថ្មីបន្ថែមទៀត ។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍បានបង្ហាញនូវការបន្តផ្តល់គាំទ្រដល់រាជរដ្ឋាភិបាល
កម្ពុជា សម្រាប់ការអនុវត្តកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ ដែលតែងតែបន្ត
ផ្តល់គាំទ្រ និង ជួយជ្រោមជ្រែង ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ ។ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជាត្រូវការការគាំទ្របន្តបន្ថែម
ទៀតពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍សម្រាប់បោះជំហានទៅមុខកាន់តែរឹងមាំ និងស្វាហាប់ក្នុងការងារកែ
ទម្រង់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែង
អំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកតែចូលរួមអនុវត្តកម្មវិធី
កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលបានឈានដល់ដំណាក់កាលកាន់
តែស្វាហាប់ ដែលតួនាទីរបស់ក្រសួង-ស្ថាប័នក៏កាន់តែសំខាន់ និងច្រើនឡើង ពិសេស ក្នុងការបែងចែក និងប្រើប្រាស់
ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីឆ្លើយតបបានតាមគ្រប់វិស័យអាទិ
ភាពរបស់រាជរដ្ឋាភិបាល ។ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏ស្នើគ្រប់ក្រសួង
-ស្ថាប័ន បន្តយកចិត្តទុកដាក់ ឆន្ទៈមុតស្រួច និងខិតខំប្រឹងប្រែងឥតសំចៃដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្ថែមទៀត ៕ ដោយ៖កូឡាប