ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃចន្ទ ទី២៦ ខែសីហានេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តន៍បន្ត ដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខ និងសុវត្ថិភាពសាធារណៈ ដោយមានការចូលរួមពី ប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន។
បន្ទាប់ពីស្ដាប់របាយការណ៍ របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធរួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៍ របស់ជនបរទេស , ពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចក្រ យានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ជាពិសេសអ្នកវិនិយោគិន ដែលចូលមកវិនិយោគក្នុងខេត្តព្រះសីហនុ ឲ្យមានជំនឿ និងទំនុកចិត្ត ចូលមកបណ្តាក់ទុន ឲ្យបានច្រើនទៀតនៅថ្ងៃខាងមុខ។
លោក គួច ចំរើន ឲ្យដឹងដូច្នេះ រួចក៏បានណែនាំឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបន្តចុះត្រួតពិនិត្យលើយានយន្ត ដែលគ្មានផ្លាកលេខ គ្រប់ប្រភេទ ដោយត្រូវធ្វើការឃាត់ទុក ហើយបញ្ជូនទៅឲ្យជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក។
ត្រង់ចំណុចនេះ លោក គួច ចំរើន បានណែនាំថា រាល់គ្រប់យានយន្តអត់ផ្លាកលេខទាំងអស់ ដែលសមត្ថកិច្ចបានឃាត់ទុក គឺតម្រូវឲ្យម្ចាស់យកផ្លាកលេខបំពាក់ជាមុនឲ្យរួចរាល់ សិន ទើបអនុញ្ញាតឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្ថកិច្ចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត ដែលធ្វើចរាចរណ៍ក្នុងក្រុង-ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវឲ្យថយចុះចំនួន។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ទទួលស្គាល់ថា គ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ សម្រាប់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ព្រោះដោយសារតែកំណើន នៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងយ៉ាងខ្លាំង ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នៃវិស័យសំណង់ អគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ជាដើម នៅពេលបច្ចុប្បន្ននេះ៕ ដោយ៖ ដែន សីមា