ឆ្លៀតពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន នៅព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឆ្លៀតពេលជួបពិភាក្សាការងារលោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ Shangri-La។
ប្រធានរដ្ឋសភាទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមសភាកម្ពុជាបានគាំទ្ររដ្ឋសភាវៀតណាម ធ្វើជាប្រធានAIPA នៅឆ្នាំ២០២០ខាងមុខនេះ។ សម្តេចមានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ ង្វៀន ធីគីមងិន អាយប៉ានឹងទទួលជោគជ័យបន្ថែមទៀត ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពឡើង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះចំណងដៃដ៏ថ្លៃថ្លាដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជំនួយក្នុងការសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា ជួយកម្ពុជារហូតមក។
នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយនោះ ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម បានឯកភាពក្នុងការបង្កើតឲ្យមានសន្និសីទរួមគ្នារវាងក្រុមតំណាងរាស្ត្រវ័យក្មេង នៅឆ្នាំ២០១៩នេះ និងសន្និសីទតំណាងរាស្ត្រស្ត្រី នៅឆ្នាំ២០២០ ៕ ដោយ ៖ កូឡាប