ថៃ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងកិច្ចប្រជុំពេញអង្គ AIPA ដែលបានស្នើឲ្យមានការយកចិត្តទុកដាក់និងលើកស្ទួយសិទ្ធិពលករចំណាកស្រុក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយ លោក ឈួន លីផៃ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានសភាអាយប៉ា លើកទី៤០ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ សណ្ឋាគារ Shangri La នាទីក្រុងបាងកក ប្រទេសថៃ ខណៈដែលសម្តេចបានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
លោកឈួន លីផៃ បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភាដែលបានដឹកនាំគណៈប្រតិភូមកចូលមហាសន្និបាត AIPA ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ។ លោក បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងកិច្ចប្រជុំពេញអង្គ AIPA ដែលបានស្នើឲ្យមានការយកចិត្តទុកដាក់និងលើកស្ទួយសិទ្ធិពលករចំណាកស្រុក។
សូមជម្រាបថា នៅក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាត AIPA លើកទី៤០ សម្តេចបានលើកឡើងថា បច្ចុប្បន្ននេះ ការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព ជាការចាំបាច់ និងជាតម្រូវការប្រទេសនីមួយៗ ដូច្នេះប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថាពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។
លោកប្រធាន ឈួន លីផៃ ចាត់ទុកការលើកឡើងរបស់សម្តេចមានសារៈសំខាន់ណាស់ ពីព្រោះជាបញ្ហារួម ប្រទេសថៃក៏មានបញ្ហានេះ ហើយកម្ពុជា និងប្រទេសផ្សេងក៏មានបញ្ហានេះ។ នៅក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាថៃបានជម្រាបសម្តេចថា ថៃបានយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោក ឈួន លីផៃ បានចាត់ទុកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ មិនត្រឹមជាទំនាក់ទំនងរវាងប្រទេសជិតខាងនោះទេ តែជាទំនាក់ទំនងដែលមានលក្ខណៈបងប្អូន។ កម្ពុជានិងថៃមានវប្បធម៌ ប្រពៃណី ស្រដៀងគ្នានិងពណ៌សម្បុរស្រដៀងគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណរដ្ឋសភាថៃដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាកម្ពុជា។ សម្តេចបានគោរពអញ្ជើញ លោក ឈួន លីផៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយទៀតផង៕ ដោយ៖កូឡាប