តាកែវ៖ ប្រទេសកម្ពុជានិងប្រទេសវៀតណាម បានរៀបចំធ្វើសមយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំមួយ នៅតាមច្រកបណ្ដោយព្រំដែនខេត្តតាកែវ និងខេត្តអានយ៉ាង ដោយប្រើកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ សមយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែននេះ ភាគីកម្ពុជាត្រូវបានចូលរួមជាអធិបតីភាពដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ ដោយឡែកភាគីវៀតណាម អញ្ជើញចូលរួមដោយអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ និងមេបញ្ជាការការពារព្រំដែនប្រទេសវៀតណាម។
សមយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅតាមបណ្ដោយព្រំដែនខេត្តតាកែវអានយ៉ាងនេះ គឺចង់សំដៅបង្កើនកិច្ចសហប្របត្តិការ លើការបង្រ្កាបគ្រឿងញៀនឆ្លងដែន ឲ្យកាន់តែប្រសើរទ្វេឡើង ជាពិសេសរាល់ការចរាចរណ៍គ្រឿងញៀន នៅតាមបណ្ដោយព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម ។ កងកម្លាំងដែលឈរនៅតាមបណ្ដោយព្រំដែន ត្រូវសហការគ្នាទប់ស្កាត់ និងចាប់ជនល្មើស យកទៅធ្វើការផ្ដន្ទាទោសទៅតាមច្បាប់។
បន្ទាប់ពីធ្វើសមយុទ្ធដោយប្រើកម្លាំងយោធា និងកម្លាំងនគបាលដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន កម្លាំងការពារព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម ក៏បានដើរល្បាត នៅតាមបណ្ដោយព្រំដែនរួមគ្នា ចម្ងាយប្រមាណ៤គីឡូម៉ែត្រ។
ថ្លែងនៅក្នុងពិធីសមយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន តាមព្រំដែន រវាងប្រទេសកម្ពុជានិងវៀតណាម ថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំង២ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមបណ្ដោយព្រំដែន ឲ្យកាន់តែល្អប្រសើរថែមទៀត ពោលក្រៅពីបង្កើនកិច្ចសហប្របត្តិការ ទប់ស្កាត់គ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លា ប្រទេសកម្ពុជានិងវៀតណាម សហការទប់ស្កាត់ រាល់បទល្មើសជួញដូរមនុស្សឆ្លងដែន ការរត់ពន្ធទំនិញខុសច្បាប់ តាមបណ្ដោយព្រំដែន ជាពិសេសទៅទៀត នឹងធ្វើយ៉ាងណាខិតខំប្រែក្លាយព្រំដែនប្រទេសទាំង២ ទៅជាព្រំដែនដែលមានសន្តិភាព មានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន កាន់តែមានជីវភាពធូរធារទ្វេរឡើងថែមទៀត ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីជួបប្រាស្រ័យទំនាក់ទំនងមិត្តភាពកម្ពុជាវៀតណាមនេះ ក៏មានការដាំដើមរាំង នៅជាប់នឹងបង្គោលព្រំដែនលេខ ២៧៥ ត្រង់ចំណុចច្រកទ្វារទ្វេភាគីភ្នំដិន តាកែវ – អានយ៉ាង ទុកជាកម្រងអនុស្សាវរីយ៍ផងដែរ និងតម្រូវឲ្យកងកម្លាំង ប្រដាប់អាវុធ នៃប្រទេសទាំងពីរ ធ្វើការដើរល្បាត នៅតាមខ្សែបន្ទាត់ព្រំដែន ៕ដោយ៖ តាកែវ