រដ្ឋាភិបាលអាមេរិចបានកាត់ផ្តាច់ជំនួយសន្តិសុខស្ទើរតែទាំងស្រុងដល់ប្រទេសប៉ាគីស្ថាន ដោយមហាអំណាចយោធាពិភពលោកនេះលើកឡើងថា ប៉ាគីស្ថានបរាជ័យក្នុងការដោះស្រាយជាមួយនឹងបណ្តាញភេវរករ ដែលកំពុងប្រតិបត្តិការក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសុក្រនេះ។
ក្រសួងការបរទេសអាមេរិច បាននិយាយថា ការផ្តាច់ជំនួយនេះនឹងបន្តកើតមានឡើងរហូត ទាល់តែរដ្ឋធានី Islamabad (រដ្ឋធានីរបស់ប៉ាគីស្ថាន) ចាត់វិធានការប្រឆាំងនឹងបណ្តាញភេវរករ Haqqani និងក្រុមតាលីបង់នៅក្នុងទឹកដីរបស់ខ្លួន។
ការប្រកាសផ្តាច់ជំនួយនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំបានព្រមានប៉ាគីស្ថាន និងបានចោទប៉ាគីស្ថានថា បានកុហក និងមិនគោរពអាមេរិច ខណៈដែលទទួលជំនួយពីអាមេរិចរាប់ពាន់លានដុល្លា។
ជុំវិញការចោទប្រកាន់របស់ត្រាំ ប្រទេសប៉ាគីស្ថានបានឆ្លើយតបយ៉ាងលឿនមកវិញថា ខ្លួនបានធ្វើកិច្ចការយ៉ាងច្រើនដើម្បីអាមេរិច ជួយអាមេរិចកំទិចពួកអាល់កៃដា តែបែរជាទទួលបាន ការប្រមាថ និងការមិនទុកចិត្តត្រឡប់មកវិញ។
ទំនាក់ទំនងរវាងអាមេរិច និងប៉ាគីស្ថានបានធ្លាក់ចុះ បន្ទាប់ពីលោក ដូណាល់ ត្រាំឡើងកាន់តំណែង ហើយកាលពីខែ សីហាឆ្នាំមុន លោក ត្រាំ បានថ្លែងថា ប្រទេសប៉ាគីស្ថានជារឿយៗផ្តល់ទីជំរកយ៉ាងមានសុវត្ថិភាពដល់ក្រុមភេវករ៕ សុភ័ក្ត្រ